ACU ច្រានចោល​បណ្តឹង​ចោទ​មេដឹកនាំ គ​.​ជ​.​ប ៤រូប ពីបទ​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

 

​លោក សុត្ថារ៉ូ

ភ្នំ​ពេ​ញ៖ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា នេះ បាន​បដិសេធ​មិន​ទទួល​ពាក្យបណ្តឹង​របស់​ប្រធាន​សមា​គន៍​មួយ​ដែល​ប្តឹង​មន្ត្រី​ថ្នាក់ដឹកនាំជាន់ខ្ពស់ គ ជ ប ៤រូប ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។​

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​បែបនេះ នៅ​បន្ទាប់ពី​ក្រុម​ជំនាញ ​ACU បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សក្ខីកម្ម​ក្នុង​ពាក្យបណ្តឹង​ថា តើ​អាច​យកជាការ​បាន ដែរ​ឬ​យ៉ាងណា ​?

រយៈពេល​ជាង​២ ម៉ោង នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៦ នេះ ក្រុមការងារ​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន ដែល​ប្តឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប អំពី​រឿង​ពុករលួយ​។ ទីបំផុត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានសម្រេច​ច្រានចោល​មិន​ទទួលយក​បណ្តឹង​នោះ​ទៅ​ចាត់ការ​ទេ​។​

​ប្រធាន ACU លោក ឱម យ៉ិនទៀង បានបញ្ជាក់​ហេតុផល​នៃ​ការមិន​ទទួលយក​ពាក្យបណ្តឹង​នេះ​ថា គឺ​ដោយសារតែ​សំណុំ​រឿងនេះ​អត់​មាន​តម្រុយ​សូម្បីតែ​បន្តិច​សោះ ក្នុងការ​ឈានទៅដល់​ការស៊ើបអង្កេត​នោះឡើយ ហើយក៏​អត់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះដែរ​។

​កិច្ចប្រជុំ​របស់​ក្រុមការងារ​ជំនាញ​ផ្នែក​ពុករលួយ ACU នា​ព្រឹក​មិញ​នេះ រួមមាន​វត្តមាន​ទាំង​ម្ចាស់​បណ្តឹង​លោក រស់ សា​រ៉ុ​ម និង​តំណាង​គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដោយបាន​ជជែក​ដេញដោល​គ្នា​ប្រមាណ​ជា​ជិត​២​ម៉ោង ទើប​មានការ​សម្រេច​មិន​ទទួលយក​ពាក្យបណ្តឹង​នេះ​។​

​សូមជម្រាបថា មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គ ជ ប ចំ​នួ​ន ​៤​រូប ដែល​បាន​រង​នូវ​បណ្តឹង ពី​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន គឺ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន អនុប្រធាន លោក ហង់ ពុទ្ធា អ្នកនាំពាក្យ និង​លោក ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង គ​.​ជ​.​ប​។ ក្នុង​បណ្តឹង​នោះ លោក រស់ សា​រ៉ុ​ម​បាន​ចោទ​ពី​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​តែងតាំង និង​ការធ្វើសមាហរណកម្ម មន្ត្រី​ក្នុង​ស្ថាប័ន គ ជ ប ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ខែមករា ឆ្នាំ​២០១៦​។

​បន្ទាប់ពី​ពិភាក្សា​ដេញដោល និង​ការមិន​ទទួល​បណ្តឹង​ក្នុង​កិច្ច​នោះ​រួចមក លោក រស់ សា​រ៉ុ​ម មិនបាន​ជំទាស់​អ្វី​នឹង​ការសម្រេច​នេះ​ទេ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​បដិសេធ​ជា​ផ្លូវការ​។​

​មន្ត្រី​នាំពាក្យ គ ជ ប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ខ​ណៈ​នេះ គ​.​ជ​.​ប កំពុង​ពិចារណា​ថា តើ​គួរ​ប្តឹង​លោក រស់ សា​រ៉ុ​ម ទៅកាន់​តុលាការ​ពីបទ​បរិហារកេរ្តិ៍​ដែរ​ឬ​យ៉ាងណា ? ៕

ACU1