អត្ថបទ ៖ លោក រដ្ឋា
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៦ ខែមិថុនា នេះបានបញ្ជាក់ថានឹងទទួលពិនិត្យលើបណ្តឹងចោទលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងអំពើពុករលួយលើប្រាក់ជំនួយបក្សរបស់អ្នកគាំទ្រនៅក្រៅប្រទេស និងនាំមនុស្សចេញទៅបរទេសជាថ្នូរនឹងលុយ២ម៉ឺនដុល្លារ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃចន្ទ ទី៦ ខែមិថុនា នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់ថា អង្គភាពនឹងពិនិត្យéកសារពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានយកលុយជំនួយពីក្រៅប្រទេសមកចាយវាយផ្ទាល់ខ្លួន និងការយកមនុស្សទៅក្រៅប្រទេសជាថ្នូរនឹងលុយ២ម៉ឺនដុល្លារ។
នៅក្នុងកិច្ចប្រជុំនោះ ស្ត្រីម្នាក់ឈ្មោះ សំ ផល្លា ដែលធ្លាប់ចេញមុខតវ៉ាប្រឆាំង និងធ្លាប់ត្រូវបានរងអំពើហិង្សាដោយអង្គរក្សលោក កឹម សុខា កាលពីអំឡុងឆ្នាំ២០១៣ បានអះអាងថា ខ្លួនជាម្តាយរបស់ស្ត្រីម្នាក់ដែលជាប្រពន្ធចុងរបស់លោក កឹម សុខា។
ក្នុងពាក្យបណ្តឹងរបស់អ្នកស្រី សំ ផល្លា បានប្តឹងលោក កឹម សុខា ក៏មានរៀបរាប់ពីករណីប្រើហិង្សាមកលើរូបអ្នកស្រី កាលពីឆ្នាំ២០១៣ តាមរយៈការវាយដំពីអង្គរក្សរបស់លោក កឹម សុខា។ អ្នកស្រីក៏បានលើកឡើងផងដែរថា លោក កឹម សុខា បានឲ្យលុយទៅកូនស្រីរបស់អ្នកស្រីចំនួន៤ពាន់ដុល្លារ ហើយថាលុយនោះបានពីជំនួយនៅក្រៅប្រទេស។ អ្នកស្រីអះអាងក្នុងកិច្ចប្រជុំនោះថា លោក កឹម សុខា ទទួលបានលុយ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីមនុស្សម្នាក់ពេលយកមនុស្សចេញទៅសហរដ្ឋអាមេរិក។អ្នកស្រីថា៖ “បានលុយជំនួយគេជួយ…គាត់មាននាំមនុស្សចេញទៅក្រៅប្រទេស ដាក់ថាជាលេខាគាត់….. ហើយយកម្នាក់២ម៉ឺនដុល្លារ ” ។
យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាព ACU មិនអាចចាត់ការរឿងបង្ករបួសស្នាមលើអ្នកស្រី សំ ផល្លា និងបណ្តឹងផ្សេងទៀតនោះទេ ដោយហេតុថាមិនស្ថិតក្នុងបទល្មើសពុករលួយដែលជាសមត្ថកិច្ចរបស់លោក។លោកបន្តថា អង្គភាពនឹងពិនិត្យបណ្តឹងលើករណីលុយជំនួយដែលបានពីក្រៅប្រទេស និងរឿងចោទប្រកាន់ថា យកលុយ២ម៉ឺនដុល្លារជាថ្នូរនឹងការយកមនុស្សទៅបរទេស។
នេះជាបណ្តឹងថ្មីទៀត ខណៈលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងការចាប់ខ្លួនដោយសារបណ្តឹងរបស់នារីម្នាក់ឈ្មោះ ចាន់ ដារ៉ាទី ហៅស្រីមុំ ជាអ្នកប្រកបរបរធ្វើក្រចកយ៉ាងសាមញ្ញម្នាក់ ហើយនីតិវិធីបានឈានដល់ដំណាក់ការដែលតុលាការចេញ ”ដីកាបង្គាប់” ឲ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ៕