រាជធានីភ្នំពេញ៖នារីជនជាតិចិនម្នាក់រវល់តែចុចទូរស័ព្ទបានបើករថយន្ដស៊េរីមួយគ្រឿងម៉ាក AGUARបុករបាំងដែកចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង ចំណែករថយន្ដបែកកង់ទៅមុខលែងរួច តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយម៉ាក JAGUAR ពាក់ស្លាកលេខ ភ្នំពេញ 2AB-1088 បើកបរដោយនារីម្នាក់ជាជនជាតិចិន ក្នុងទិសដៅពីត្បូងទៅជើង ដោយសារតែនារីជាអ្នកបើកបរកំពុង តែរវល់ចុចទូរស័ព្ទ ក៏បានជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំងពេញទំហឹង បណ្ដាលឱ្យរថយន្ដបែកកង់ទៅមុខលែងរួច តែសំណាងមិនមានណា ម្នាក់រងគ្រោះឡើយ។
ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ច ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវធី៕