ហូជីមិញ៖រដ្ឋាភិបាលវៀតណាមគ្រោងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់ទំនប់ការពារទឹកជំនន់ ទ្វារទឹក និងបំពង់បង្ហូរទឹក ប្រមាណ ៤៤១,១លានដុល្លារអាមេរិក ដោយចាប់ផ្ដើមនៅចុងខែនេះ។
បើតាមមន្ត្រីក្រុមហ៊ុន Trung Nam Group ដែលចុះកុងត្រាសាងសង់ទំនប់នេះបានបញ្ជាក់ថា ទំនប់មានទ្វារទឹកចំនួន៦ ប្រវែងពី ៤០ទៅ១៦០ម៉ែត្រ និងជញ្ជាំងថ្មអមមាត់ទន្លេប្រវែង ៧,៨គីឡូម៉ែត្រ ដែលនឹងត្រូវសង់តាមដងទន្លេ Saigon ក្នុងក្រុង។ លោកបន្ថែមគម្រោង នេះមានស្ថានីយបូមទឹកចំនួន ៣កន្លែង អាចបូមទឹកបានពី ១២ ទៅ៤៨ម៉ែត្រគីបក្នុងមួយវិនាទី និងបំពង់បង្ហូរទឹកចូលទន្លេចំនួន ២៥ទៀត ដោយគ្រោងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ។
បើតាមមន្ត្រីជាន់ខ្ពស់វៀតណាមបានបញ្ជាក់ថា គម្រោងនេះរំពឹងថានឹងជួយគ្រប់គ្រងទឹកជំនន់ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើប្រជាជនរស់នៅក្នុងក្រុងជាង ៦,៥លាននាក់ លើផ្ទៃដី ៥៧០គីឡូម៉ែត្រការ៉េ៕