រាជធានីភ្នំពេញ៖សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែចាប់ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់បន្ទាប់ពី ធ្វើសកម្មភាពលួចយកកាបូបពីអាជីវករម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្សារទួលសង្កែ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ បេ ឧត្តម ភេទ ស្រី អាយុ ៤៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកឯជនសង្ស័យឈ្មោះ សាយ កា ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិ វៀតណាម ស្នាក់នៅម្តុំអង់តែងទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាក់កាបូបនៅក្នុងតូប រវល់តែលក់ដូរ ពេលនោះ ស្រាប់តែមានស្ត្រីដែលជាជនសង្ស័យបានចូលមកលួចយកកាបូបនៅក្នុងតូប តែជនរងគ្រោះ បានឃើញទាន់ក៏ស្រែកថាចោរៗ ខណៈពេលនោះ ក៏មានក្រុមសន្តិសុខផ្សារបានចាប់ និងឃាត់ខ្លួនជនសង្ស័យតែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងកាបូបជនរងគ្រោះមានប្រាក់ចំនួន ៣ម៉ឺនរៀល និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Samsung ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕