រាជធានីភ្នំពេញ៖តាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់២នាក់ របួសស្រាលម្នាក់។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង, រថយន្តធុនតូច៤, រថយន្តធុនធំ១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់៣នាក់ )។
ជាមួយគ្នាលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៣,៦៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៥៩២គ្រឿង និងពិន័យសរុប ២,០៤៨គ្រឿង៕