ភ្នំពេញ៖ អង្កររបស់ប្រទេសកម្ពុជាបានរក្សាតំណែងជាប់ចំណាត់ថ្នាក់លេខ១ ម្តងទៀត ហើយក្នុងឆ្នាំ២០១៤នេះ នៅក្នុងកម្មវិធីប្រកួតរសជាតិអង្ករ ឆ្ងាញ់ ប្រចាំឆ្នាំ២០១៤ នៅក្នុងសន្និសីទអង្ករពិភពលោកលើកទី៦ នាថ្ងៃ ទី២០ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីសតែល រាជធានីភ្នំពេញ។
ប្រធានគណៈកម្មការអង្ករពិភពលោក លោក Jeremy Zwinger បានប្រកាសនៅព្រឹកនោះថា អង្កររបស់កម្ពុជា (អង្ករផ្ការំដួល) បានជាប់ចំណាត់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរសជាតិអង្ករឆ្ងាញ់ប្រចាំឆ្នាំ២០១៤នេះ ស្របពេលដែលថៃ ក៏ទទួលបានចំណាត់ថ្នាក់លេខមួយដែរនោះ។ ការផ្តល់ពិន្ទុពីរស់ជាតិអង្ករនេះ មានការចូលរួមពីអ្នកជំនាញចុងភៅជាតិ និងអន្តរជាតិដោយផ្តល់ពិន្ទុយ៉ាងសុក្រឹតចំពោះគុណភាពអង្ករដែលបាន ចូលរួមប្រកួត។
សូមបព្ជាក់ផងដែរថា ការប្រកួតរសជាតិអង្ករឆ្ងាញ់ ប្រចាំឆ្នាំ២០១៤នេះ មានប្រទេសចំនួន៧ ដែលសុទ្ធសឹងមានកេរ្តិ៍ឈ្មោះល្បីក្នុងការនាំអង្ករចេញទៅលក់នៅលើទីផ្សារអន្តរជាតិ បានធ្វើការប្រកួតប្រជែងជ្រើសរើសអង្ករល្អបំផុតនិងមានឪជារសឆ្ងាញ់ប្រចាំឆ្នាំ២០១៤នេះផងដែរនៅក្នុងកម្មវិធីមួយនាថ្ងៃ ទី២០ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ ប្រទេសទាំង៧ដែលបានចូលរួមក្នុងការប្រជែងអង្ករល្អ បំផុតនៅលើពិភពលោកនាវេលាថ្ងៃស្អែកនេះ រួមមានកម្ពុជា ថៃ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន មីយ៉ាន់ម៉ា និង សហរដ្ឋអាមេរិក។
គួររំលឹកថា អង្ករ របស់ប្រទេសកម្ពុជាធ្លាប់ទទួលជោគជ័យ២ឆ្នាំជាប់គ្នារួចមកហើយនៃ ជ័យលាភីអង្ករល្អជាងគេរបស់ពិភពលោក ដែលឆ្នាំ២០១២ បានជាប់នៅក្នុងការប្រកួតប្រជែងលើកោះបាលីប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១៣ នៅក្នុងក្រុងហុងកុង។
បើតាមមន្ត្រីសហព័ន្ធអង្ករកម្ពុជា ក្នុងអំឡុង ១០ខែឆ្នាំ២០១៤នេះ កម្ពុជា បាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសចំនួនជាង៣០ម៉ឺនតោន (៣០៤.៧៨៨តោន) គិតជាទឹកប្រាក់ប្រមាណ ១៨០លានដុល្លារ។ហើយនៅក្នុងឆ្នាំ២០១៤នេះ អង្កររបស់កម្ពុជាអាចរក្សាតំណែងជាប់លេខ១ ជាថ្មីម្ដងទៀត៕