ស៊ីដនី៖រដ្ឋាភិបាលអូស្ត្រាលី និងឥណ្ឌូណេស៊ីបានបានព្រមព្រៀងគ្នាក្នុងការពង្រឹងលើកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីទប់ស្កាត់អំពើភេរវកម្ម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ប្រមុខសន្តិសុខឥណ្ឌូណេស៊ី លោក Luhut Pandjaitan បានបង្ហាញទំនុកចិត្តទៅលើកិច្ចសហប្រតិបត្តិការបន្ថែមជាមួយអូស្ត្រាលីលើការដោះស្រាយបញ្ហាភេរវកម្ម នៅអំឡុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីលើកទីពីរស្ដីពីច្បាប់និងសន្តិសុខនៅទីក្រុងស៊ីដនី។
លោក Luhut និយាយថា លោកជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងល្អប្រសើរថែមទៀតនៅពេលខាងមុខ ហើយប្រទេសទាំងពីរនឹងបន្តចែករំលែកព័ត៌មានចារកម្មនិងជួយគ្នាទៅវិញទៅមកក្នុងការកសាងសមត្ថភាពក្នុងវិស័យមួយចំនួន។
លោក Luhut បាននិយាយថាឥណ្ឌូណេស៊ីបានកំណត់បានថាជនជាតិឥណ្ឌូណេស៊ីប្រហែល៥០០នាក់នៅស៊ីរី ចង់បង្កើតក្រុមភេរវកម្មនៅតំបន់អាស៊ីអាគ្នេយ៍។ ព័ត៌មាននេះត្រូវបានគេចែករំលែកជាមួយអូស្ត្រាលី ហើយលោកជឿជាក់ថាអូស្ត្រាលីអាចដោះស្រាយការគំរាមកំហែងនេះបាន។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាវេទិកាសម្របសម្រួលកិច្ចសហប្រតិបត្តិការនិងតួនាទីដែលប្រទេសទាំងពីរត្រូវដើរធ្វើទាក់ទងនឹងសន្តិសុខអន្តរជាតិជាពិសេសនៅពេលដោះស្រាយបញ្ហាភេរវកម្ម៕