មេ​សហជីព​ទេសចរណ៍​ម្នាក់​រង​បណ្តឹង​បទល្មើស​ហិង្សា​ក្នុង​វិវាទ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ខេត្តសៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​សៀមរាប​៖​នៅ​ដើម​សប្តាហ៍​នេះ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​(CTSWF) ត្រូវបាន​នាយក​សណ្ឋាគារ Victoria Angkor Resort & Spa ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឋិត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដាក់ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ប្តឹង​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅមុខ​បរិវេណ​សណ្ឋាគារ ក្នុង​ហេតុការណ៍​កូដកម្ម​-​បាតុកម្ម​ដែល​ផ្ទុះ​ចេញពី​វិវាទ​ការងារ​រវាង ភាគី​និយោជក និង​ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ ។
ប្រភពព័ត៌មាន បាន​រាយការណ៍​ថា វិវាទ​ការងារ​បាន​កើតមានឡើង​រវាង​ភាគី​និយោជក និង​ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ Victoria Angkor Resort & Spa ដែល​គេ​ដឹងថា ដឹកនាំ​ដោយ​លោក ម៉ម រិទ្ធី នៅ​ពី​ក្រោយខ្នង ហើយ​ករណីខ្លះ ត្រូវបាន​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ រហូត​ដោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ផង និង​មាន​សំណុំរឿង​ដល់​ស្ថាប័ន​តុលាការ​ផង ។
​ប្រភព​បាន​បន្តថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​រហូតដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ភាគី​បុគ្គលិក និយោជិត​សណ្ឋាគារ​មួយចំនួន​តូច ធ្លាប់​បានធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំងនឹង​អ្នកគ្រប់គ្រង​សណ្ឋាគារ រួច​ម្តងមកហើយ បន្ទាប់ពី​ភាគី​និយោជក​សណ្ឋាគារ​បាន​ប្តឹង​ជំទាស់​នឹង​សេចក្តី​បង្គាប់ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ក៏​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​សម្រេច​រក្សា​ការពារ បង្គាប់​ឲ្យ​ភាគី​កូដ​ករ​-​បាតុករ​បញ្ឈប់​ការធ្វើ​កូដកម្ម​-​បាតុកម្ម ។
​ប្រភព​បាន​បញ្ជាក់ថា ក្រោយមក​នៅក្នុង​សេចក្តី​បង្គាប់​លេខ​០៤២/១៦ ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ត្រូវបាន​ខាង​ភាគី​និយោជក​សណ្ឋាគារ​បង្ហាញ​នូវ​ជំហរ​ចូលរួម​អនុវត្តន៍​បើក ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​បុគ្គលិក និយោជិត តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែ​ត្រូវ​ខាង​ភាគី​បុគ្គលិក និយោជិត​មួយចំនួន​ដឹកនាំ​ដោយ​លោក ម៉ម រិទ្ធី ប្តឹង​ជំទាស់ រួចហើយ​ប្រើប្រាស់​សិទ្ធិ​ធ្វើ​កូដកម្ម​-​បាតុកម្ម​ប្រឆាំងនឹង​ភាគី និយោជក​សណ្ឋាគារ​ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​ខាង​ភាគី​និយោជក​សម្រេច​ប្តឹង​ពី​ករណីនេះ​ទៅ​ស្ថាប័ន​តុលាការ តែម្តង ។
​គួរ​ជម្រាប​ថា លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​(CTSWF) ជា​អ្នក​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC) ៕

index