ស៊ីរី៖ការវាយប្រហារផ្លូវអាកាសលើទីផ្សារមួយក្នុងទីក្រុងគ្រប់គ្រងដោយក្រុមអាល់កៃដា Idlib របស់ប្រទេសស៊ីរីដែលបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់២១នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យខណៈដែលមនុស្សរាប់រយនាក់បានរត់គេចខ្លួនចេញពីបន្ទាយរបស់ក្រុមរដ្ឋឥស្លាមដែលត្រូវឡោមព័ទ្ធជិតព្រំដែនទួរគី។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា កុមារប្រាំនាក់គឺស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងការវាយឆ្មក់ផ្លូវអាកាសនៅទីក្រុង Idlib នេះដែលជាកន្លែងគ្រប់គ្រងដោយសម្ព័ន្ធក្រុមអាល់កៃដាគឺរណសិរ្ស Al-Nusra និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើអ្នកណាដែលបានធ្វើការវាយប្រហារនៅ Idlib នេះប៉ុន្តែក្រុមអ្នកអង្កេតការណ៍បានរាយការណ៍ថា ការវាយឆ្មក់តាមអាកាសកាលពីលើកមុនៗគឺធ្វើដោយរបបនិងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួននៅ Idlib ។
អ្នកអង្កេតការណ៍បាននិយាយថា នៅក្នុងតំបន់ Maaret al-Numan ដែលជាតំបន់មួយនៅភាគខាងត្បូងនៃរដ្ឋធានីខេត្ត យន្តហោះចម្បាំងមិនស្គាល់អត្តសញ្ញាណបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ប្រាំមួយនាក់ដោយរួមទាំងស្ត្រីម្នាក់និងកូនបួននាក់របស់នាងផងដែរ។
ប្រទេសរុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារអាកាសដើម្បីគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាសនៅក្នុងខែកញ្ញាដោយអនុញ្ញាតឲ្យកងកម្លាំងស្មោះត្រង់នឹងលោកប្រធានាធិបតីបាសារអាល់អាសាដ វាយលុកប្រឆាំងនឹងពួកឧទ្ទាមនិងក្រុម IS ។
ក្រុមអង្កេតការណ៍បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល២៣នាក់នៅក្នុងទីក្រុង Idlib នៅថ្ងៃទី៣១ ខែឧសភាប៉ុន្តែរុស្ស៊ីបានបដិសេធថាមិនបានបើកការវាយប្រហារនៅថ្ងៃនោះទេ៕