រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រូវបានកាសែតក្នុងស្រុកដកស្រង់សំដីដែលបានអះអាងថា ក្រសួងមហាផ្ទៃ នឹងធ្វើការផ្លាស់ប្តូរស្នងការនគរបាលខេត្តចំនួន៥ នៅពេលឆាប់ៗ នេះ ។
ស្នងការនគរបាលខេត្តទាំង៥ ដែលត្រូវផ្លាស់ប្តូររួមមាន ៖ ស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹងត្រូវទៅកាន់ស្នងការខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ សត ណាឌី ដែលត្រូវចូលនិវត្តន៍ ។ ស្នងការខេត្តតាកែវ លោកឧត្តមសេនីយ៍ អ៊ុក សំណាង នឹងត្រូវទៅកាន់ស្នងការខេត្តព្រះសីហនុវិញ ខណដែលលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ដែលជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវជំនួសលោកឧត្តមសេនីយ៍ អ៊ុក សំណាង។
ចំណែកខេត្តកំពង់ស្ពឺគឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលផែនអន្តោប្រវេសន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងត្រូវតែងតាំងជាស្នងការខេត្ត ជំនួសលោកឧត្តមសេនីយ៍ កែវ ពិសី ដែលត្រូវចូលនិវត្តន៍ ខណ:ដែលខេត្តកំពង់ឆ្នាំងវិញ លោកវរសេនីយ៍ឯក ឡុច វណ្ណរ៉ា ស្នងការរង ទៅជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងត្រូវតែងតាំងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ដែលត្រូវចូលនិវត្តន៍ ៕