ក្រចេះ៖បុរសពីរនាក់ កំពុងដេកសម្រាក់ក្នុងតូបយាមមួយរបស់មេព្រៃស្រុកឆ្លូង ត្រូវមែកឈើទាលធំ បាក់សង្កត់ត្រូវចំពីលើ បណ្ដាលអោយរងរបួសធ្ងន់ស្រាលពីរនាក់។
សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០០និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ច បានបន្តឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ច័ន្ទ មូយូជិះ ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់រទះ ស្រុកសង្កែ ខេត្តបាត់ដំបង់ និងបច្ចុប្បន្ន មានតួនាទី ជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ប្រចាំការនៅស្រុកឆ្លូង រងរបួសធ្ងន់ ផ្នែកក្បាល។
ចំណែកឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ជាមន្ត្រីយោធាបម្រើការងារនៅខេមរភូមិន្ទវរ:៣ ប្រចាំការនៅរដ្ឋបាលព្រៃឈើស្រុកឆ្លូង រងរបួសស្រាល។
សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍នេះ មិនមែនជាករណីខ្យល់កន្ទ្រាក់នោះទេ គឺមែកឈើទាលធំ វាបាក់ធ្លាក់មកសង្កត់លើតូបយាមរបស់មេព្រៃដោយឯងៗ និងបណ្ដាលឲ្យមានអ្នករងរបួសពីរនាក់។ បច្ចុប្បន្ន ជនរងគ្រោះទាំងពីរ កំពុងសម្រាក់ព្យាបាយរបួសនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង៕ ដោយ ប្រុញ វិធិន