អាមេរិក៖សកម្មជនបាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃការសម្លាប់ស្រីស្រឡាញ់ស្រី មនុស្សភេទទីបី និងអ្នកប្រតិព័ទ្ធភេទដូចគ្នាបានកើនឡើង២០ភាគរយនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ ពួកសកម្មជនបានបញ្ចេញការរកឃើញរបស់ពួកគេមួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយនៅក្លិបអ្នកស្រឡាញ់ភេទដូចគ្នារដ្ឋ Florida ដោយបានបណ្តាលឲ្យមនុស្ស៤៩នាក់ស្លាប់។
បើយោងតាមរបាយការណ៍របស់ក្រុមចម្រុះជាតិនៃកម្មវិធីប្រឆាំងអំពើហិង្សា (NCAVP) បានឲ្យដឹងថា អំពើហិង្សានៅក្នុងឆ្នាំ២០១៥គឺខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមនេះបាននិយាយថា ស្រីស្រឡាញ់ស្រី មនុស្សភេទទីបី និងអ្នកប្រតិព័ទ្ធភេទដូចគ្នា (LGBTQ) ព្រមទាំងមនុស្សដែលមានផ្ទុកមេរោគអេដស៍ត្រូវបានគេសម្លាប់នៅក្នុងសហរដ្ឋអាមេរិកដែលកើនឡើង ២០ភាគរយគិតចាប់ពីឆ្នាំ ២០១៤ ។
ក្រុមតស៊ូមតិនេះបានបញ្ចេញការរកឃើញរបស់ខ្លួនមួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Orlando រដ្ឋ Florida ដែលជាការសម្លាប់រង្គាលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោក Beverly Tillery ប្រធានគម្រោងប្រឆាំងអំពើហឹង្សានៅទីក្រុងញូវយ៉កដែលបានសំរបសំរួលជាមួយ NCAVP បានអំពាវនាវឲ្យមានការពិភាក្សាជាសាធារណៈលើមនុស្ស LGBTQ និងអំពើហិង្សា។
របាយការណ៍បានឲ្យដឹងថានៅ នៅក្នុងរដ្ឋសហរដ្ឋអាមេរិកចំនួន១១ មានអំពើហិង្សាប្រឆាំងនឹងមនុស្ស LGBTQ និងអ្នកដែលមានផ្ទុកមេរោគអេដស៍ចំនួន១.២៥៣ករណីនៅក្នុងឆ្នាំ២០១៥ ដែលនេះជាការធ្លាក់ចុះ៨ភាគរយបើធៀបនឹងឆ្នាំ២០១៤៕