ដោយ៖ លោក រដ្ឋា
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៤ ខែមិថុនា នេះ បាន ផ្ញើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់ជនទាំងឡាយ ដែលប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើកូនប្រុសរបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។
នៅក្នុងលិខិតនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា “យើងខ្ញុំ សូមបញ្ជាក់សាជាថ្មីម្តងទៀត ជូនសម្តេចជ្រាបថា គោលនយោបាយគណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាតនូវការប្រើ ប្រាស់អំពើហឹង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយ ណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ”។
ជាមួយនោះ លោក សម រង្ស៊ី ក៏បានសូមចូលរួមរំលែកនូវការឈឺចាប់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយសូមថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សម្តេច និងក្រុមគ្រួសារ៕