ខេត្តរតនគិរី នៅតែ​កើតមាន​បទល្មើស​ជួញដូរឈើ​ប្រណីតយ៉ាង​អនាធិបតេយ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​រតនគិរី​៖​ប្រភពពី​ប្រជាពលរដ្ឋ នៅ​ស្រុក​វ៉ឺ​ន​សៃ បាន​ឲ្យ​ដឹងថា ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ ទូច និង​ចែ​ណាត ដែលមាន​ទី​លំនៅដ្ឋាន​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ចំនួន​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង យ៉ាង​អនាធិបតេយ្យ ។​

​រថយន្ត​ទី​១ ម៉ាក​វិ​ហ្គោ​រ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​២J.០៤៧៧ មួយគ្រឿង​ទៀត​ម៉ាក វិ​ហ្គោ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​២J.០៤៧៧ សមត្ថកិច្ច​តូចតាច​មួយចំនួន​ក៏បាន​បញ្ជាក់ដែរថា​ឈ្មួញ​ឈ្មោះ ទូច និង​ឈ្មោះ​ចែ​ណាត បាន​ដឹកឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ ក្នុង​តំបន់​អភិរក្ស និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចូលមក​លក់​ចែកចាយ​តាម​រោង​សិប្បកម្ម នឹង​លំនៅដ្ឋាន​របស់​ប្រពល​រដ្ឋ​នៅក្នុង​ក្រុង​បាន​លុង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ទូច និង​ចែ​ណាត មាន​ទំនាក់ទំនង​ល្អ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​អូរ​ជុំ គ្រប់គ្រង​ដោយ​លោក ជា កុរ​ណា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​នឹង​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តរតនគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ជាច្រើន​ស្ថាន​ប័ន​ទៀត ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ ដោយសារតែ​ឈ្មួញ​ឈ្មោះ ទូច និង​ចែ​ណាត អាច​បន្ត​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ ក្នុង​តំបន់​អភិរក្ស និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាម​អំពើ​ចិត្ត​បែបនេះហើយ ទើប​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​នោះ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើនដង​មិនមាន​អ្នក​លើក​។ ដោយឡែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី លោក ជូ ភ័ក្ត្រ មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​វ៉ើ​ន​សៃ​បាន​រិះគន់​សម​ត្ត​កិច្ច​ជំនាញ​ពាក់ព័ន្ធ​ថា​មិនបាន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ទូច និង​ចែ​ណាត នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​នៅតែ​រាលដាល​ឥតឈប់ឈរ ។​

​ឈ្មួញ​រកស៊ី​ឈើ​ក្នុង​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​ឈ្មួញ​ឈ្មោះ ទូច និង​ចែ​ណាត គឺ​ដោយសារ​ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​តាម​លំដាប់លំដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​ខ្លះ​ទទួលបាន​៥០០០​ដុល្លារ ៣៥០០​ដុល្លារ ២០០០​ដុល្លារ និង​១៥០០​ដុល្លារ ជាប្រចាំ​ខែ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ទូច និង​ចែ​ណាត ដែល​កំពុង​ប្រើ​រថយន្ត​ចំនួន​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង ពេញបន្ទុក​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​វ៉ឺ​ន​សៃ ក្នុង​តំបន់​អភិរក្ស និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​៕

1index