រាជធានីភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក(យប់៣លើក) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល៦នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៨គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងយានផ្សេងៗ១គ្រឿង។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក កត្តាយានយន្ត១លើក និងបត់គ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៥នាក់ )។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៣៥៩៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២០៣៤គ្រឿង និងពិន័យសរុប១៥៦៥គ្រឿង៕