នីហ្សេរ៖អាជ្ញាធររបស់ប្រទេសនីហ្សេរ បាននិយាយថា សពជនចំណាកស្រុកចំនួន៣៤នាក់ដោយក្នុងនោះមានទាំងកុមារ២០នាក់ដែលត្រូវបានបោះបង់ចោលដោយអ្នករត់ពន្ធមនុស្សខណៈពេលព្យាយាមឈានទៅដល់ប្រទេសជិតខាងអាល់ហ្សេរីត្រូវបានគេប្រទះឃើញក្នុងវាលខ្សាច់នីហ្សេរកាលពីសប្តាហ៍មុន។
ក្រសួងមហាផ្ទៃនីហ្សេរបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សសាមសិបបួននាក់រួមមានបុរសប្រាំនាក់ ស្ត្រីប្រាំបួននាក់និងកុមារ២០នាក់បានស្លាប់ខណៈព្យាយាមឆ្លងកាត់វាលរហោស្ថាន”។
ប្រភពសន្តិសុខមួយបានប្រាប់ AFP ថា “ពួកគេប្រហែលជាស្លាប់ដោយសារស្រែកទឹកព្រោះករណីនេះកើតឡើងញឹកញាប់ណាស់ហើយពួកគេត្រូវបានគេប្រទះឃើញជិតតំបន់ Assamakaដែលស្ថិតនៅព្រំដែនរវាងប្រទេសនីហ្សេរនិងអាល់ហ្សេរី”។
សីតុណ្ហភាពនៅតំបន់នេះអាចនឹងឡើងដល់ទៅ៤២អង្សាសេខណៈដែលព្យុះខ្សាច់តែងតែកើតមាននៅទូទាំងវាលរហោស្ថាន។
ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់បានមកដល់ប្រទេសអាល់ហ្សេរីនៅប៉ុន្មានឆ្នាំចុងក្រោយនេះដែលភាគច្រើនគឺមកពីប្រទេសជិតខាងម៉ាលីនិងនីហ្សេរ។
មនុស្សមួយចំនួនបានឆ្លងកាត់តាមរយៈប្រទេសអាល់ហ្សេរីទៅកាន់អឺរ៉ុបប៉ុន្តែជនចំណាកស្រុកជាង៧.០០០នាក់មកពីប្រទេសនីហ្សេរដែលភាគច្រើនជាស្ត្រីនិងកុមារនោះបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញក្នុងឆ្នាំ២០១៥ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕