ឆ្មាំ​ទន្លេ​ខេត្តក្រចេះ បើក​ប្រតិបត្តិ​ការ បង្ក្រាប​បទល្មើស​នេសាទ ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016 ក+ ក-

 

​អត្ថបទ​៖ លោក ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ក្រុម​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋាន​អភិរក្ស និង​ជា​តំណាងអោយ​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​លោក ឈួន គឹម​ឈា អនុប្រធាន​នាយក​ដ្ខា​ន​កិច្ចការ​ជលផល ។​

​កាលពី​ព្រឹក​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ពេញ​មួយថ្ងៃ នៅក្នុង​តំបន់​គ្រប់គ្រង ការពារ និង​ជា​កន្លែង​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ។​
​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ បានអោយដឹងថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត ពិសេស​ក្រោម ការដឹកនាំ​ផ្ទា​ល់ពី​មន្ត្រីជលផល​ថ្នាក់កណ្តាល និង​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ ដោយ​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​៨​គ្រឿង និង​ដោយមាន​ការចូលរួម​ពី​ក្រុម​ឆ្មាំ​ទន្លេ ព្រមទាំង​កម្លាំង​នគរបាល​ស្រុក​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ សរុប​ចំនួន ៣០​នាក់ ។​

​លោក​ប្រធាន​ឆ្មាំ បាន​បន្តថា ក្នុងការ​ចះ​ុ​ប្រតិបត្តិការ​ខាងលើ គឺ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​រឹបអូស​បាន​មង​ដែល​អ្នកនេសាទ​លួច​ដាក់​តាម​អន្លង់​អភិរក្ស​ហើយ​មាន​ក្រលា​ធំ​ពី ១០​សម​ទៅ​១៥​សម បាន​ចំនួន​១៧​ត្បូង​និង​មាន​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ ។​
​ជាមួយគ្នានេះដែរ​ក៏បាន​ធ្វើ​ការនែនាំ អប់រំ និង​ធ្វើ​កិ​ច្វ​សន្យា​ដល់​អ្នកនេសាទ​ដោយ​ប្រើ​មង​ក្រលា​តូច​ទំហំ​ពី​៣​សម​ទៅ​៦​សម បាន​ចំនួន​០២​ករណី ដោយមាន​មនុស្ស​ប្រព្រឹត្ត​ចំនួន​០៣​នាក់ ។​

​លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល បានបញ្ជាក់​ឲ្យ​ដឹងថា ពេលនេះ​ជា​រដូវ​បិទ​នេសាទ ដូច្នេះ​នៅក្នុង​កន្លែង​អភិរក្ស​ផ្សោត​ទាំងអស់​គឺ​ច្បាប់​មិន​អនុញ្ញាតអោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​ឡើយ ទោះជា​ក្រលា​ធំ​ឬ​ក្រលា​តូច​ក៏ដោយ ព្រោះ​វា​បណ្តាលអោយមាន​ការប៉ះពាល់​យ៉ាង​ដល់​ការធ្វើ​ចរាចរណ៍​ចុះឡើង​របស់​ផ្សោត និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហ្វូង​ត្រី​មេ​ពូជ​ផងដែរ ។​

​លោក​អនុប្រធាននាយកដ្ឋាន​បាន​បន្តទៀតថា ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ត្រី​មេ​ពូជ​របស់​យើង​អោយបាន​គង់វង្ស លោក​បាន​ជំរុញ​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ជាពិសេស​ឆ្មាំ​ទន្លេ​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​គ្រប់គ្រង ការការពារ​សត្វ​ផ្សោត​អោយបាន​ស្ថិតស្ថេរ​គង់វង្ស ពិសេស​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួមគ្នា​ទប់​ស្កាត និង​បង្ក្រាប​បទល្មើស​អោយ មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​ជាមួយគ្នានេះដែរ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​និង​សហគមន៍ នេសាទ សូម​ឲ្យ​បងប្អូន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​ត្រូវ​ហ៊ាន រាយការណ៍ ផ្តល់​ព័​ត៏​មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច នៅពេល​ប្រទះឃើញ​ជនខិលខូច​កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បីអោយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស បាន​ទាន់ពេលវេលា ៕

4a308d36-d788-4ddd-990f-f19b5d648b212c7d57a1-290a-415c-87cb-815cab7109b75c3d7d06-017a-4991-be48-c623d1e6fe57b6778145-5a4c-4776-94c4-c369d0835af6dd151fab-18a4-4513-9dd4-35c1b04512ae