ខេត្តកណ្តាល៖ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងខោអាវទៅហាលហើយប៉ះលើសំយ៉ាបផ្ទះដែលមានចរន្តអគ្គិសនីបណ្តាលឲ្យឆក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦ និង៤៥នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថា ជនរងគ្រោះឈ្មោះ មាច សៅ ភេទស្រីអាយុ៥៨ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប្រភពបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកលេងផ្ទះឈ្មោះ ម៉ាង កៀម ភេទប្រុស នៅភូមិខាងជើងឃុំ អន្លង់រមៀតជាអ្នករាប់អានគ្នា លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានបោកខោអាវឲ្យ ហើយក៏យកទៅហាលនៅស្នួលក្រោយផ្ទះដែលតជាប់សំយ៉ាបផ្ទះខាងក្រោយ ហើយក៏ឆក់ខ្សែភ្លើងស្លាប់។
ក្រោយកើតហេតុកម្លាំងជំនាញប៉ុស្តិ៍បានធ្វើការពិនិត្យទៅលើសព មានស្នាមដាច់រលាត់ នៅលើដៃម្រាម ចង្អុលខាងឆ្វេង និងខ្នងជើងខាងឆ្វេង គឺស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែនហើយក៏បានប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕