ភ្នំពេញ៖កម្លាំងនគរបាល ក្រសួងមហាផ្ទៃ បានចាប់ជនជាតិកុងហ្គោរ៣នាក់ ដែលសង្ស័យប្រើប្រាស់ឯកសារក្លែង-លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីបើកគណនីធនាគារ នៅប្រទេសកម្ពុជា ។ ជនសង្ស័យជនជាតិបរទេសទាំងនោះ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនជាតិកុងហ្គោទាំង៣នាក់នោះ បានឆ្លងដែនមកកាន់ប្រទេសកម្ពុជា ដោយប្រើឯកសារក្លែង និងប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីធ្វើការបើកគណនី នៅធនាគារ ក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាល តាមចាប់បាន កាលពីថ្ងៃទី១៦ ខែមិថុនានេះ ។
ជនជាតិកុងហ្គោរទាំង ៣នាក់ដែលត្រូវចាប់ខ្លួនរួមមាន៖១.ឈ្មោះ Emmanuel Ngoma Ngoma coco ២.ឈ្មោះ Junior Bin Mungomba និង៣.ឈ្មោះ Mesiya Tedike Junior។
លោកឧត្តមសេនីយបានបញ្ជាក់បន្ថែមថា ក្រោយការសួរនាំជនជាតិបរទេសទាំង៣នាក់ បានសារភាពថា ពួកគេ បានទទួលលិខិតឆ្លងដែនក្លែងពីបក្ខពួក២ នាក់ទៀត (ម្នាក់ជា ជនជាតិប៊ែលហ្សិក និងម្នាក់ទៀតជនជាតិបារាំង) ។ ពួកគេបន្តថា ពួកគេទទួលលិខិតឆ្លងដែន ដើម្បីបើកគណនីធនាគារ ដើម្បីទទួលការផ្ទេរប្រាក់ពីក្រៅ ៕