ខេត្តបន្ទាយមានជ័យ៖ទណ្ឌិតជាជនជាតិថៃម្នាក់បានព្យាយាមរត់ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ តែមិនបានសម្រេចត្រូវមន្ត្រីអនុរក្សពន្ធនា គារ និងកងកម្លាំងនគរបាលខេត្តស្រាវជ្រាវតាមដេញប្រផាប់ចាប់ប្រភីងត្រឡប់មកវិញ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។
តាមមន្ត្រីពន្ធនាគារខេត្តបានឲ្យដឹងថា ទណ្ឌិតដែលព្យាយាមរត់ចេញពីពន្ធនាគារនោះមាន ឈ្មោះ គៀងកៃ ស៊ីសាវ៉ាត់ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ទណ្ឌិតនេះត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា ឥឡូវជាប់ពន្ធនាគារទើបបាន២ឆ្នាំហើយ។
ប្រភពដដែលបានបញ្ជាក់បន្តថា នៅពេលដែលបញ្ចេញទណ្ឌិត និងពិរុទ្ធជនមកធ្វើពលកម្មសម្អាតអនាម័យនៅទីធ្លាខាងក្រៅ ក៏ស្រាប់តែឈ្មោះគៀងកៃ ស៊ីសាវ៉ាត់ បានលួចរត់ ហើយបានផ្តល់ព័ត៌មាននេះ ដល់លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំកម្លាំងសហការស្រាវជ្រាវ រហូតដល់ម៉ោងជាង១១ព្រឹកថ្ងៃដដែល ទើបរកឃើញឈ្មោះគៀងកៃ ស៊ីសាវ៉ាត់ នេះ នៅមាត់ស្ទឹងចម្ងាយពីពន្ធនាគារប្រហែល៣០០ម៉ែត្រ ហើយបានចាប់យកមកដាក់ក្នុងពន្ធនាគារវិញ៕