អត្ថបទ៖ លោក ប៉ សុផល
បាត់ដំបង៖អាងបូរាណមួយកន្លែងឈ្មោះ”អាងភៀស” ដែលជាតំបន់ព្រៃលិចទឹកស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ត្រូវបានក្រុមអ្នកមានលុយមួយចំនួនបាន ឃុបឃិតលួចកាយជារណ្តៅវាតទីយកធ្វើជាកម្មសិទ្ធិ តែខាងអាជ្ញាធរធ្វើមិនដឹងមិនឮក្នុងរឿងនេះទេ។
យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថា៖ អាងបូរាណខាងលើ មានទំហំរាប់ពាន់ហិកតាស្ថិតក្នុងតំបន់ពីរ ជាតំបន់ព្រៃលិចទឹករបស់រដ្ឋមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។ តែពេលនេះត្រូវបានអ្នកមានលុយមួយចំនួនឃុបឃិតគ្នាលួចដាក់អេស្កាវ៉ាទ័រកាយជារណ្តៅៗវាតទីរំលោភយកធ្វើជាកម្មសិទ្ធិ ដោយមិនឃើញមានមន្ត្រីជំនាញឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះមកមើល ឬហាមឃាត់ឡើយ។ការមិនចុះហាមឃាត់ករណីដែលរំលោភយកដឺសាធារណៈខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញក្នុងខេត្តថា ពាក់ព័ន្ធនឹងការសូកប៉ាន់ផ្តល់ឱកាសឲ្យគេរំលោភយកដីសាធារណៈរបស់រដ្ឋ។
លោក ឆយ ឈឿង ដែលម្ចាស់អេស្កាវ៉ាទ័រ កាយរណ្តៅនៅក្នុងអាងភៀសដែលជាអាងបូរាណនោះបានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី១៩មិថុនានេះថា៖ លោកគ្រាន់តែជាអ្នកស៊ីឈ្នួលកាយដីអោយគេតែប៉ុណ្ណោះ ហើយម្ចាស់គេបានប្រាប់ថា ជីកទុកចិញ្ចឹមត្រី។
ឆ្លើយតបនឹងករណីនេះ លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំ បានប្រាប់តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃនេះថា ការកាយរណ្តៅខាងលើនេះ គឺមិនមានច្បាប់អនុញ្ញាតទេ ហើយលោកនឹងចាត់អោយកម្លាំងអធិការស្រុកចុះទៅមើល។
លោក ឡម ឡាន អធិការរងស្រុកឯកភ្នំទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ក្រោយពីបានទទួលបទបញ្ជាពីលោកអភិបាលស្រុកភ្លាមៗនោះលោកក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងទីតាំងល្មើសហើយបានអោយម្ចាស់គ្រឿងចក្រទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីធ្វើច្បាប់សិនបើខាងស្រុកអនុញ្ញាតចាំធ្វើបន្តទៀត៕