រាជធានីភ្នំពេញ៖ជនជាតិចិនចំនួន៩នាក់ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ពីបទចូលមកធ្វើការខុសច្បាប់ នៅក្នុងការដ្ឋានសំណង់ City Park។
ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះដែលគ្រាចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងឈ្មោះ City Park មានទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ៣៥២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា បានឲ្យដឹងថា ក្រោយពីមានកិច្ចសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងរបស់លោកបានចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងឈ្មោះ City Park ដោយមានរកឃើញជនជាតិចិន១៩នាក់ ក្នុងនោះ១០នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ និង៩នាក់អត់មានលិខិតឆ្លងដែន។
ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិចិន៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕