រាជធានីភ្នំពេញ៖ឃាតកម្មដ៏សាហាវមួយបានកើតឡើង នៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៩ កែង១៦៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ខណៈដែលឃាតករបានយកកាំបិតចុងស្រួចចាក់ពីក្រោយខ្នងសម្លាប់ស្ត្រីម្នាក់ជាយោធាបំរើការងារក្នុងក្រសួងការពារជាតិ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ បានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង ក៏ស្រាប់តែមានបុរសមាឌធំម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ក៏ដកកាំបិតមុខស្រួចចាក់ ទៅលើស្ត្រីរងគ្រោះ ពីក្រោយបណ្តាលឲ្យដួលស្លាប់មួយរំពេច ហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ស្ត្រីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕