ល្បែង​ហ្គេម​បាញ់​ត្រី​បញ្ចប់ជីវិត​បុរស​ម្នាក់ ក្នុងស្រុក​កំរៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

ដោយ៖ប៉ែន សុផល

​បាត់ដំបង​៖​បុរស​ម្នាក់​បានបញ្ចប់​ជីវិត ដោយ​ចង ក​.​សម្លាប់ខ្លួន ព្រោះតែ​ខូចចិត្ត​នឹង​ការបំផ្លាញ​អស់ ទ្រព្យសម្បត្តិ​ជាច្រើន ដោយសារ​ការ​លុះ​លង់ ប្រព្រឹត្ត​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ក្នុង​កាស៊ីណូ​ឃ្វី​ន ឋិត​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុការណ៍​ខាងលើ បានកើត​ឡើង​នៅ វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ឈានចូល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ចំនុច​ក្រុមទី​៥ ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​មានឈ្មោះ វេត វណ្ណៈ អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ថន រស្មី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្មុំ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ទាំងពីរ​នាក់​បានមក​ជួល​ផ្ទះ​នៅលើ​ទីតាំង​កន្លែងកើតហេតុ​ដើម្បី​លក់ដូរ​ស៊ីម​កាត​ទូរស័ព្ទ នៅក្នុង​ផ្សារ​បាន​ឡែ​ម ប្រទេស​ថៃ​។​
​បុរស​ម្នាក់​ដែល​អះអាងថា​ធ្លាប់​ស្គាល់​បុរសរងគ្រោះ​បាន​ឲ្យ​ដឹងថា ជា​ញឹកញាប់​គេ​ឃើញ​បុរសរងគ្រោះ​បាន​ចូល​លែង​ល្បែង​ហ្គែ​ម​បាញ់​ត្រី​ក្នុង​កាស៊ីណូ​ឃ្វី​ន​ដើម្បី​ផ្សង​រក​លាភ​ធំ​។​ប្រភព​នេះ​បន្តថា ស្ទើរ​រៀងរាល់ថ្ងៃ គេ​ឃើញ​បុរសរងគ្រោះ​បាន​ចូលទៅ​សំងំ​លេងល្បែង​ក្នុង​កាស៊ីណូ ឃ្វី​ន ប៉ុន្តែ​ការប៉ង​ប្រាថ្នា​ផ្សង រក​លាភ​តាមរយៈ​ល្បែងស៊ីសង​បានធ្វើ​ឲ្យ​បុរស​រូបនោះ ញៀន​ងប់ងុល​វក់​នឹង​ល្បែង ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​ការរកស៊ី ហើយ​ជា​បន្តបន្ទាប់ ក៏ត្រូវ​ផុងខ្លួន​ចាញ់​អស់ទាំង​លុយ ទាំង​ម៉ូតូ​រហូត​ចំនួន​០៦​គ្រឿង និង​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​។​ប្រភព​បន្តទៀតថា ការធ្វើអត្តឃាត​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការ ឈឺចាប់ និង​តូចចិត្ត​ស្តាយក្រោយ អាណិត​ប្រពន្ធ​កូន​ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​.​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះជួល​ស្លាប់​តែម្តង​។​
​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ថន រស្មី បាន​រៀបរាប់ ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ទោះបីជា​ប្តី​របស់ខ្លួន​ញៀន​ល្បែង​បំផ្លាញ​អស់​លុយកាក់ និង​អស់​ម៉ូតូ​ជាច្រើន​គ្រឿង​ក្តី ក៏​ខ្លួន​មិនដែល​ស្តីបន្ទោស​អោយ​ប្តី​ធ្ងន់ធ្ងរ​ទេ​។​
​អ្នកស្រី រស្មី បន្តថា នៅ​ថ្ងៃកើតហេតុ​ទី​១៩ ខែមិថុនា ប្រហែល​ម៉ោង​ជិត​៣ និង​០០​ទៀបភ្លឺ ខ្លួន​បាន​ទូរស័ព្ទ​មក​ប្តី ហើយ​ប្តី​បាន​ពោល ពាក្យ​ថា ប្តី​ខុស​ហើយ កែខ្លួន​លែង​បាន​ហើយ អូន​យកប្តី​ទៀត​ចុះ ព្រោះ​ប្តី​បំផ្លាញ​អូន​អស់​ច្រើន ណាស់​។​ពេលឮ​ដូច្នេះ អ្នកស្រី​បាន​ឆ្លើយតប​ដោយ​ការ​លួងលោម​ថា ឯង​កុំ​គិត​ច្រើន ប្រាក់​យើង​អាច​រកបាន​ទៀត ភ្លាមនោះ​ប្តី​ក៏បាន​បិទ​ទូរស័ព្ទ​តែម្តង​។ ជា​អកុសល​រហូតដល់​វេលា​ម៉ោងជាង​៣ និង​០០​ក៏​ទទួលបាន​ដំណឹង​ថា ប្តី​ចងករ​សំលាប់ខ្លួន​បាត់ទៅហើយ​។​
​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា កន្ក​ង​មក វេត វ​ណ្ណះ បាន​លង់​នឹង​ល្បែង​ក្នុង​កាស៊ីណូ ឃ្វី​ន នោះ​ខ្លាំងណាស់ បងប្អូន​ប្រពន្ធ​កូន​ឧស្សាហ៍​ប្រាប់​ដែរ ប៉ុន្តែ​គេ​នៅតែ​ទៅលេង​ក្នុង​កាស៊ីណូ​នោះ​ដដែល ។​ទីបំផុត ប្រហែលជា​គេ​អស់សង្ឃឹម​ក្នុង​ជីវិត នឹក​ស្តាយក្រោយ​ក៏​កើត​មាននូវ​អំពើ​អត្តឃាត​បែបនេះ​។​
​បន្ទាប់ពី​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ន្និ​ដ្ធា​ន​ថា ជន​រង គ្រោះ​ពិតជា​ចងក​ពិតប្រាកដ មែន ហើយក៏​បានប្រគល់​សាកសព​ជន​រង គ្រោះ​ទៅអោយ​គ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ល្បែងស៊ីសង​បាន​បង្កបញ្ហា​ច្រើនណាស់ ក្នុង​សង្គមជាតិ ក៏ដូចជា​សង្គម​គ្រួសារ ហេតុ​ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​គ្រប់​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ថៅកែ​កាស៊ីណូ​មួយចំនួន​នៅតែ​ផ្គើន​ចំពោះ​ច្បាប់​ហាមឃាត់​នេះ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួង​ដូចជា​កាស៊ីណូ ឃ្វី​ន នេះ​ជាដើម ដែល​គេ​ឃើញថា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ ហើយ​បុរស​ដែល​ធ្វើអត្តឃាត​ខាងលើនេះ ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា ឃើញ​ចូល​លេងល្បែង​ក្នុងនោះ​ជា​ញឹកញាប់ រហូតដល់​ថ្ងៃ​ដែល​គេ​បានបញ្ចប់​ជីវិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​៕

index1