បាត់ដំបង៖បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងអាកា ត្រូវបានគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលមានាការភ្ញាក់ផ្អើលថា បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ។
សាកសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៣ ខែមិថុនា នៅចំណុចលើភ្នំសំពៅ ផ្លូវចូលអាស្រមគីរីរម្យ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្រោមការពិនិត្យ និងការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា: ជនរងគ្រោះបានបាញ់ខ្លួនឯង១គ្រាប់ត្រូវត្រង់ដើមទ្រូង ហើយនៅជាប់នឹងខ្លួនសមត្ថកិច្ចរកឃើញកូនលិខិតតូចមួយមានខ្លឹមសារថា សុំទោសបងប្រុស បងស្រីនិងប្អូនស្រី ប្អូនសូមលាអ្នកទាំងអស់គ្នាហើយ សុំជាតិក្រោយកុំអោយខ្ញុំឈឺច្រើនដូចជាតិនេះទៀត ។
ចំពោះសាកសពខ្ញុំ ធ្វើបុណ្យនៅក្នុងវត្តបានហើយ មិនចាំបាច់យកទៅផ្ទះទេ។ នៅក្នុងលិខិតដដែលក៍មានសសេរលេខទូរសព្ទ័ប្រពន្ធនៅឯស្រុកចំនួន២ខ្សែផងដែរទំនងទុកជាពន្លឺក្នុងការទំនាក់ទំនង។
សមត្ថកិច្ចបន្តថា: សាកសពដែលប្រជាពលរដ្ឋប្រទះឃើញនេះមានឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងរថយន្ត១គ្រឿងផង ដែលជនរងគ្រោះបានជិះមកចតទុកចោលលើខ្នងភ្នំមុខច្រកចូលផ្លូវអាស្រមគូរីរម្យ ភ្នំសំពៅ រថយន្តម៉ាកកាម៉ារីស្វិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២-០៩២៨៕