រថយន្ត​ថៃ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​គ្រញូង​មាន​សរសេរ​អក្សរ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​បើតាម​ការដកស្រង់​ចេញពី​សារព័ត៌មាន​ក្នុងប្រទេស​ថៃ​ឱ្យដឹងថា​មាន​រថយន្ត​នីសា​ន់ ពណ៌​ខ្មៅ​ថៃ​១​គ្រឿង បាន​បើក​ក្រឡាប់​ក្នុង​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ខ្ចាយ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង​មាន​សរសេរ​អក្សរ​ខ្មែរ​គេ​សង្ស័យ​ជា​ឈើ​របស់​ឈ្មួញ​ខ្មែរ ខណៈដែល​រថយន្ត​បើក​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​រាប​ដល់​ដី សង្ស័យ​រថយន្ត​នោះ​បើក​រត់គេច​ពី​ការ​តាម​ចាប់​របស់​សម​ត្ត​កិច្ច​ថៃ ។​
​បើតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​ថៃ​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ ភ្លាម​គេ​ឃើញ​មាន​មនុស្ស​២​នាក់ បើកទ្វារ​រត់ចេញ​ពី​ក្នុង​រថយន្ត​គេចខ្លួនបាត់​បន្សល់​រថ​យន្ត និង​ឈើ​គ្រញូង​នៅ​កន្លែងកើតហេតុ ។ លុះ​បន្ទាប់មក​គេ​សង្កេតឃើញ​តម្រួត​ថៃ និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះមក​ត្រួតពិនិត្យ​កន្លែងកើតហេតុ ។ ក្នុង​នោះគេ​ឃើញ​ក្នុង​រថយន្ត​ខាងលើ មាន​ដឹក​ផ្ទុក​ឈើ​គ្រញូង​មុខធំ​ដែល​ត្រូវ​ប៉ាន់ប្រមាណ​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ចំនួន​៣០​ដុំ ។​
​សេចក្តីរាយការណ៍​ដ​ដែរ​បន្ត​ឱ្យដឹងទៀតថា ឈើ​គ្រញូង​ទាំងនោះ ត្រូវបាន​ឈ្មួញ​ដឹក​ចេញពី​តំបន់ អភិរក្ស​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ហើយ​ក្នុង​គោលបំណង​ដឹក​ឆ្លងដែន​ចូលមក​កាន់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ជួប​គ្រោះថ្នាក់​អាក្រក់​ក៏​រង​ការ​ក្រឡាប់​រថយន្ត​នោះ​តែម្តង ។​
​ឈើ​គ្រញូង និង​រថយន្ត​ម៉ាក​នីសា​ន់​ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ថៃ ស្ទូច​យកមក​រក្សាទុក នៅ​អង្គភាព​ព្រៃឈើ​ណា​ង​ណាំ​សៃ​ដើម្បី​ទុក​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
​សូមបញ្ជាក់ថា បទល្មើស​ព្រៃឈើ​ត្រូវបាន​ប្រទេស ក្នុង​តំបន់​អាស៊ាន​ចាត់ទុកថា​ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ខុសច្បាប់​ផងដែរ៕

8ec3e482-dceb-487e-a4d7-9cada81c98ce6d3033b3-4222-45eb-90d9-7019c685c89c