ខេត្តពោធិ៍សាត់៖ចោរមួយក្រុមបានបំពុលឆ្កែរបស់ប្រជាពលរដ្ឋ១៣ក្បាលងាប់ រួចលួចម៉ូតូម៉ាកHonda Dream ១គ្រឿងដោយសុវត្ថិភាព។ ករណីនេះកើតឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមចោរបានដាក់ថ្នាំបំពុលឆ្កែងាប់១៣ក្បាល រួចលួចម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1D-0478 ដែលម្ចាស់ឈ្មោះ ថន ធីម អាយុ៣៦ឆ្នាំ(ជាប្តី) និងប្រពន្ធឈ្មោះ គង អ៊ីន អាយុ៤៥ឆ្នាំ។ ប្រភពបន្តថា មុនពេលកើតហេតុ គ្រួសាររងគ្រោះបានសម្រាកលង់លក់ ដោយមិនដឹងពីសកម្មភាពរបស់ក្រុមចោរ ដែលដាក់ថ្នាំបំពុលឆ្កែឡើយ ស្រាប់តែដល់ម៉ោងប្រហែល ១រំលងអាធ្រាត ជនរងគ្រោះបានក្រោកទៅបត់ជើង ក៏ប្រទះឃើញឆ្កែរបស់ខ្លួន ពុលងាប់១ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់ ពេលនោះស្រាប់តែមានឆ្កែប្រជាពលរដ្ឋជិតខាងពុលងាប់១២ក្បាលទៀត៕