ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាង​៩០​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញារង សៀង សុខ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩៣​នាក់​ដែល​រស់នៅ​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦​នេះ​នៅ​បន្ទប់​ផ្ទះជួល​ស្ថិតនៅ​ភូមិ​តា​ង៉ូ​វ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ថ្លែងថា ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​ចំនួន​៩៣​នាក់ ក្នុងនោះ​មាន​ស្រី​៣៤​នាក់ ដែល​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន​។ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា សម្រាប់​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​ការសួរនាំ​បន្តទៀត ចាត់ការ​តាម​នីតិវិធី​៕

13529127_1622541041393594_201078391145546782_n13528744_1622541101393588_4367818640551175445_n