រាជធានីភ្នំពេញ៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានគនរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,១៩៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៥៥គ្រឿង និងពិន័យសរុប ១,៧៤៣ គ្រឿង។
ដោយឡែកបើយោងតាមរបាយការណ៍របស់នាយកដ្ឋានគនរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតមានឡើងចំនួន ២៤៩លើក ស្លាប់មនុស្ស១០៥នាក់ រងរបួសធ្ងន់ ២៤៥នាក់ និងរបួសស្រាល១២៥នាក់។
ប្រភពបញ្ជាក់ថា បើធ្វើការប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥បានធ្លាក់ចុះ៣៧ករណី អ្នកស្លាប់ថយចុះ២៣នាក់ ខណៈដែលអ្នករបួសធ្ងន់ថយចុះ២៤នាក់ និងអ្នករបួសស្រាលថយចុះ ១១៣នាក់ ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេគឺ ការបើកបរដោយល្បឿនលឿន មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិ ស្រវឹង បទគ្រោះថ្នាក់ ងងុយដេក កត្តាយានយន្ត និងកក្តាអកាសធាតុ៕