ខេត្តបន្ទាយមានជ័យ៖ទាហានថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៤នាក់សង្ស័យ ចូលកាប់ឈើខុសច្បាប់ក្នុងតំប ន់ឧទ្យានជាតិថៃ ។ប៉ុន្តែពលរដ្ឋមួយចំនួនទៀតបានរត់គេចខ្លួនខណ:ពេលទាហានថៃចុះបង្ក្រាបកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នោះ។
ប្រភពព័ត៍មានពីខេត្តស្រះកែវប្រទេសថៃបានអោយដឹងថាថ្ងៃទី១កក្កដាថា:នៅមុនកិច្ចប្រតិបត្តិការនេះគឺនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦ម៉ោង១០ព្រឹក កំលាំងជំនាញស៊ើបការណ៍និងមេព្រៃបានទទួលដំណឹងថាមានប្រជាពលរដ្ឋស៊ីវិល៤-១០នាក់ចូលទៅរកវល្លិ៍និងដកផ្សិតជាដើម។
តែក៏មានមនុស្សមួយក្រុមទៀតមានគ្នាជាង៣០នាក់បាននិងកំពុងស្ពាយឈើគ្រញូងចុះពីជួរភ្នំ វ៉ាំងក្រាក់ថៈ នៅចំកណ្តាលឧទ្យានជាតិប៉ាងស៊ីដាស្ថិតក្នុងភូមិ៨ ឃុំណងម៉ាកហ្វាយស្រុកវឌ្ឍនាណៈខនខេត្តស្រះកែវ ។
ពេលនោះកម្លាំងមេព្រៃប្រចាំតំបន់ហ៊ួយឆាន់បានសហការជាមួយក្រុមអភិរក្សឧទ្យានជាតិប៉ាងស៊ីដា កំលាំងកងទ័ពនិងក្រុមតម្រួត(នគរបាល)ថៃ រាប់សិបនាក់ បានចេញទៅកាន់គោលដៅខាងលើ រួចឡោមព័ទ្ធ ក៏បានឃើញមនុស្សជាច្រើននាក់បន្តកន្ទុយគ្នាកំពុងស្ពាយឈើគ្រញូងចុះពីតំបន់ភ្នំមែន ។
ប្រភពបន្តថា៖ឃើញកំលាំងចំរុះភ្លាម អ្នកលីស្ពាយឈើបានធ្វើជាសញ្ញាអោយបក្ខពួកទំលាក់ឈើចោលរួចរត់គេចខ្លួនយកតែព្រះអាយ៉ូស។
កម្លាំងចម្រុះបានរឹបអូសឈើគ្រញូងបានចំនួន៥០ដុំនិងចាប់ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលត្រូវបានគេស្គាល់ថាជាកម្មករខ្មែរ។រីឯមេក្លោងជាជនជាតិថៃបានដឹកនាំកំលាំងចូលទៅកាប់ឈើទីនោះបានគេចខ្លួនបាត់។
តម្រួតថៃត្រូវគេស្រង់សំដីដូចដែលនិយាយថា:កម្មករខ្មែរទាំង៤នាក់នោះមានឈ្មោះ ១ -សឿ ហ៊ុំ ភេទប្រុសអាយុ៣៥ឆ្នាំ ។២ -គុណ ផាកុល ភេទប្រុសអាយុ៣៤ឆ្នាំ ។៣ -ហេន សំអាតភេទប្រុស អាយុ៣៦ឆ្នាំ និង៤ -រ៉េត បោយ ភេទប្រុសអាយុ៣៧ឆ្នាំ ។ ពួកគេបានប្រាប់ថា ៖ពួកគេមានគ្នាប្រមាណ៣០នាក់ដោយបែងចែកជាពីរក្រុម គឺក្រុមទី១ ជាអ្នកចូលទៅកាប់និងជ្រៀក ឯក្រុមទី២គឺជាអ្នកស្ពាយចុះពីភ្នំ ។
ហើយពួកគេត្រូវមេឈ្មួញថៃជួលអោយស្ពាយឈើនេះចេញពីតំបន់ឧទ្យានថាប់ឡានក្នុងខេត្តប្រាជីនបុរី ឯណោះ ដោយដើរកាត់ព្រៃចេញទៅតំបន់ឧទ្យានជាតិប៉ាងស៊ីដាខេត្តស្រះកែវហើយចុះពីភ្នំវ៉ាំងក្រាក់ថាៈទើបមានរថយន្តមកចាំដឹកនៅទីនោះ ៕