៖ខិតបណ្ណជាច្រើនសន្លឹកត្រូវបានជនអនាមិកយកទៅបាចពង្រាយនៅតាមដងផ្លូវសាធារណៈ ស្ថិតនៅចំណុចម្តុំដើមពោធិ នាគបាញ់ទឹក នាក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានខ្លឹមសារលាតត្រដាងពីភាពមិនប្រក្រតីមួយចំនួនដែលលោកអភិបាលស្រុកថ្មគោលថា បានប្រព្រឹត្តអំពើពុករលួយ ដោយកេងបន្លំថវិកាកសាងផ្លូវថ្នល់មួយខ្សែ ។ ថវិកានោះ ជាមូលនិធិសម្រាប់គាំទ្រ ការអភវឌ្ត្យ វិស័យហេដ្ឋារចនាសម្ភ័ន្ធ ប៉ុន្តែត្រូវបាន លោកអភិបាលស្រុកថ្មគោល គង់ លី យកទៅប្រើប្រាស់ខុសគោលដៅ។
បើតាមខ្លឹមសារខិតបណ្ណ ដែលអ្នកកាសែតទទួល បានកាលពីរសៀលថ្ងៃទី២ ខែកក្កដា បានរិះគន់ ពីភាពផ្តាច់ការក្នុងការដឹកនាំរបស់លោកអភិបាលស្រុក និងបក្ខពួកនិយម ព្រមទាំងមានរឿងមិន ប្រក្រតីជាច្រើនផ្សេងទៀតផងដែរ ។
ខិតបណ្ណដដែលបន្តថា ភាពមិនប្រក្រតីរបស់ លោក គង់ លី ត្រូវបានទម្លាយដោយមន្ត្រីក្រោម ឱវាទ ដែលចុងក្រោយនេះ លោកអភិបាល ស្រុកថ្មគោល បានយកថវិកាស្រុកមួយចំនួន ទៅចាយវាយខុសខ្ទង់ ដោយមិនមានការពិគ្រោះ និងឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកឡើយ ។
រហូតមកដល់ថ្ងៃទី ៣ ខែកក្កដា នេះ គេមិនទាន់ឃើញលោក គង់ លី បញ្ចេញប្រតិកម្ម ឆ្លើយតបទៅនឹងខិតបណ្ណជនអនាមិកដែលបានវាយប្រហារលោកនៅឡើយទេ ហើយក៏មិនអាចស្វែងរកការបកស្រាយពីលោកអភិបាលរូបនេះ បាននៅឡើយដែរ៕