ដោយ៖ប៉ែន សុផល
បាត់ដំបង៖ភ្ញៀវជាច្រើននាក់ពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងដែលតែងតែមកដើរកំសាន្តរៀងរាល់ពេលល្ងាចនាសួនច្បារសម្តេច ក្រឡាហោម ស ខេង បានសំដែងការមិនពេញចិត្តចំពោះអ្នកផ្ញើរម៉ូតូលើកន្លងផ្លូវចេះតែដើរកឹបសំបុត្រផ្ញើ ទោះជាម្ចាស់ម៉ូតូអង្គុយលេងក្បែរម៉ូតូរបស់ខ្លួនដើម្បីសំរាកមួយភ្លែតក៍ដោយ។
អ៊ុំប្រុសម្នាក់បានលើកឡើងកាលពីចុងសប្តាហ៍កន្លងមកនេះថា: ពួកគាត់ពីរនាក់យាយតាបានមកឈប់ម៉ូតូក្បែរបង់ហើយអង្គុយលេងដើម្បីទុកឱកាសអោយយាយរបស់គាត់ដើរហាត់ប្រាណ ភ្លាមនោះមានក្មេងជំទង់ម្នាក់បានដើរមកកឹបសំបុត្រផ្ញើរម៉ូតូរបស់គាត់ ហើយគាត់ក៍កើតរឿងឆ្ងល់ជាខ្លាំងក៍បានសួរនាំហេតុផល។
ប្រភពដាច់ដោយឡែកមួយទៀតបានអោយដឹងដែរថា: សព្វថ្ងៃសួនច្បារសម្តេចក្រឡាហោម ស ខេង ត្រើយខាងកើតស្ទឹងស្ទើរអស់ទីតាំងសាធារណះដើម្បីដាក់ឬចតម៉ូតូសេរីហើយ ព្រោះទីតាំងផ្ញើម៉ូតូដែលក្រុងបានរៀបចំលាតសន្ធឹងវែងតាមបណ្តោយសួននិងលើកន្លងផ្លូវទៀតបណ្តាលអោយផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរផងដែរ ចំណែកឯតម្លៃផ្ញើម៉ូតូក៍ថ្លៃរហូតដល់១០០០រៀលខុសពីធម្មតា។ ពួកគាត់ទទួលស្គាល់ហើយថា ការរៀបចំអោយមានកន្លែងផ្ញើរនេះដើម្បីសុវត្ថិភាពម៉ូតូនិងសណ្តាប់ធ្នាប់ប៉ុន្តែវាហាក់ដូចជាហួសហេតុពេកគ្រាន់តែចតម៉ូតូបន្តិចមកកឹបសំបុត្រផ្ញើរតែម្តង សួនច្បារសាធារណះនេះកំពុងក្លាយជាទីតាំងធ្វើអាជីកម្មផ្ញើម៉ូតូយ៉ាងសមប្រកបហើយ។
លោកសៀង ឯមវួនស្ហី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា: យោងតាមកិច្ចសន្យាថ្មីជុំវិញការងារទាំងអស់នេះសាលាក្រុងបានគ្រប់គ្រងច្បាស់លាស់ហើយដោយតម្រូវអោយអ្នកទទួលផ្ញើមុននិងកឹបសំបុត្រត្រូវសួរដល់ភ្ញៀវជាមុន បើសិនភ្ញៀវគេមិនចង់ផ្ញើត្រូវណែនាំទីកន្លែងសម្រាប់ចតដែលក្រុមការងារបានកំណត់ទុក ការរៀបចំនេះបន្តរហូតដល់ម៉ោង៨:០០យប់ទើបបើកទូលាយអោយភ្ញៀវមកចតសេរីបាន៕
អាជ្ញាធរមិនអើពើភាពអនាធិបតេយ្យនៃក្រុមដើរកឹបសំបុត្រផ្ញើម៉ូតូយកលុយតាមសួនច្បារសាធារណៈ