សិល្បៈ៖បើមិនមានអ្វីប្រែប្រួលទេនោះអតីតតារាសម្តែងដ៏ល្បីល្បាញនាទស្សវត្សឆ្នាំ៩០មួយរូប គឺអ្នកនាង អម្ពរ ទេវី នឹងមកដល់ស្រុកខ្មែរនាពាក់កណ្តាលខែក្រោយនេះ ក្នុងដំណើរមកលែងស្រុកខ្មែរ និងថតកុន។
ប្រភពពីមិត្តភក្តិជិតស្និទ្ធអ្នកនាង អម្ពរ ទេវី មួយរូបបានអះអាងថា អ្នកនាង អម្ពរ ទេវី នឹងមកដល់ស្រុកខ្មែរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះនៅចម្លោះម៉ោង១១ និង១២ ថ្ងៃត្រង់ ដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តរបស់អ្នកស្រី ពាន់ ភួងបុប្ឋា ដែលមានចំណងជើងថា “ទឹកចិត្តម្តាយសម័យថ្មី”។
ប្រភពដដែលបានបញ្ជាក់ថា តាមការសើបសួរអ្នកនាង អម្ពរ ទេវី បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបប្រិយមិត្តគាំទ្រ ខណៈពេលដែលអ្នកនាងជឿថា នឹងមានការសុំភាសន៍ច្រើនពីសំណាក់អ្នកសារព័ត៌មាននានានៅក្នុងស្រុកខ្មែរ។
ដំណឹងនៃការវិលមកកាន់ស្រុកកំណើតជាថ្មីរបស់អ្នកនាង អម្ពរទេវី នាពេលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រិយមិត្តដែលគាំទ្រការសម្តែងរូបនេះ ក្នុងនោះមានអ្នកសិល្បៈ និងមហាជនមួយចំនួនបានធ្វើការអំពាវនាវឲ្យមានការចូលរួមទទួលស្វាគមន៍ឲ្យបានច្រើនកុះករនៅពេលដែលអ្នកនាងអម្ពរទេវី បានជាន់ដីស្រុកខ្មែរផងដែរ៕