លោក កៅ ផល អំពាវនាវ​ឲ្យ​បង្កើន​ការចិញ្ចឹម​គោ​ញី ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​សង្គម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​អនុរដ្ឋលេខាធិកា​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក កៅ ផល បានស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការចិញ្ចឹម​គោ​ពូជ​ឲ្យ​ច្រើន ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​សង្គម និង​ខិតខំ​ការងារ​បង្កបង្កើនផល​កសិកម្ម​របស់ខ្លួន​អោយទាន់​រដូវវស្សា​ឆ្នាំនេះ ។​
​លោក​ថ្លែង​បែបនេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្នុង​ដំណើរ​អ​ញ្ចើ​ញ​ចុះ​ត្រួតពិនិត្យ​ស្រែ​កសិករ និង​ផ្ដល់​ការចាក់​ថ្នាំ​វ៉ាក់សាំង​សត្វ​គោ​/​ក្របី​ជូន​ប្រជាកសិករ នៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ដោយមាន​អមដំណើរ​ពី​លោកជំទាវ ហោ ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​លោក ម៉ៅ វិចិត្រ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ ព្រមទាំង​ក្រុ​មារ​ងារ​ជាច្រើនរូប​ទៀត ។​
​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បា​ឲ្យ​ដឹងថា ការងារ​បង្កបង្កើនផល​ដំនាំ​ស្រូវវស្សា ក្នុង​ឆមាស​ទី​១ ដើមឆ្នាំ​២០១៦​នេះ ស​ម្រ​ច​បាន ស្រូវវស្សា​អនុវត្តបាន​ចំនួន ៤.៤៤២ ហ​.​ត ស្មើនឹង ១៣.៤៦% នៃ​ផែនការ ៣៣​ពាន់​ហិកតា ប្រៀបធៀប​ឆមាស​ទី​១ ដើមឆ្នាំ​២០១៥ លឿន​ជាង ២.២៤៥ ហ​.​ត ។ ការងារ​ភ្ជួរ​រាស់​ដីស្រែ​វស្សា បាន​ចំនួន ២១.៣៦៩ ហ​.​ត ធៀប​នឹង​ឆ្នាំ​២០១៥ ច្រើនជាង ២.២១២ ហ​.​ត និង​ការងារ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​រួមផ្សំ បាន​ចំនួន ៦៥.០៦៩ ហ​.​ត ធៀប​នឹង​ឆ្នាំ​២០១៥ ច្រើនជាង ៣.៨៩២ ហ​.​ត ។​
​ចំណែកឯ​ការងារ​ផលិតកម្ម និង បសុព្យាបាល មន្ទីរ​សម្រេចបាន​លទ្ធ​ផល​ល្អ ជា​បន្តបន្ទាប់ ជាពិសេស​ការទប់ស្កាត់​ជំងឺឆ្លង​នានា ធ្វើ​ឲ្យ​អត្រា​សត​វ​ឈឺ​ស្លាប់ មាន​កម្រិត​ថយចុះ ។ ជាក់ស្ដែង ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ ស្ថិតិ​គោ​/​ក្របី​ងាប់ មានការ​ថយចុះ ជាង ឆ្នាំ​២០១៥ ហើយ​កសិករ​ចាប់ផ្ដើម​កែលំអរ​ពូជ​គោ​ជា​បណ្ដើរៗ ពី​ការចិញ្ចឹម​គោ​ពូជ​ប្រពៃណី មក​ចិញ្ចឹម​គោ​ពូ​ជយ​កសាច់ ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ដូចជា ពូជ​ប្រា​ម៉ាន់ និង ពូជ​សាន់​តា ជាដើម​។​
​លោក​អនុរដ្ឋលេខាធិការ​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ជា​ប្រញាប់​ទៅ​មន្ត្រី​បសុពេទ្យ​សត្វ​ភូមិ និង​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត ពេលដែល​គោ ឬ​ក្របី​មាន​អា​ការៈខុសប្លែក​ពី​ធម្មតា ឬ​ងាប់ ដើម្បី​ចុះ​ពិនិត្យ និង​ជួយ​ព្យាបាល​បាន​ទាន់ពេលវេលា ។
​ទន្ទឹម​នោះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់ប្ដូរ​មុខរបរ​ពី​ការចិញ្ចឹម​គោ​ពូជ​ធម្មតា មក​ចិញ្ចឹម​គោ​ពូ​ជយ​កសាច់ ជាពិសេស​គោ​ញី​ពូជ ដើម្បី​បង្កើន​ស្ថិតិ​គោ​ផង បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ផង និង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផងដែរ​៕

1index23