ដោយ៖ប៉ែន សុផល
បាត់ដំបង៖អង្គការគាំពារសកលរបស់សាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបានរៀបចំវេទិកាដើម្បីចែកអំណោយជាអង្ករដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារមកពី១០ឃុំសង្កាត់ ក្នុងក្រុងបាត់ដំបង ដោយមានការឧប្បត្ថមគាំទ្រតាមរយៈព្រះវិហារ ប៊ុន ដាង ជួងអាង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម។ ពិធីធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០១៦ នៅចំណុចរង្វង់មូលសួននាគបាញ់ទឹក ក្នុងក្រុងបាត់ដំបង ក្រោមវត្តមានលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំងមន្ត្រីសាលាក្រុងផងដែរ។
លោក ចុង ក្វាងស៊ូ ប្រធានអង្គការគាំពារសកលកម្ពុជាបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តដែលបានសហការក្នុងការសម្របសម្រួលក្នុងវេទិការនេះបានដំណើរការយ៉ាងល្អប្រសើរលោកបន្តថាអង្គការនេះមានទិសដៅជួយបំរើផ្នែកសេវាសុខភាពនៅកម្ពុជាតាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ នៅក្នុងអង្គវេទិកានេះដែរក៏មានសម្តែងសិល្បះរបស់សាធារណរដ្ឋកូរ៉េ និងសិល្បៈផ្នែករបាំរបស់កម្ពុជាដើម្បីចែកជូនជាចំណីចក្ខុដល់ប្រជាពលរដ្ឋទស្សនាយ៉ាងសប្បាយក្រៃលេង។
លោក ច័ន្ទ សុផល បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការជាមនុស្សធរចំពោះកម្ពុជាពីសំណាក់សាធារណរដ្ឋកូរ៉េខាងត្បូងតាមរយៈការដឹកនាំដ៍ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកសង្ឃឹមថាអង្គានេះនៅតែបន្តភាពជាមនុស្សធរនៅកម្ពុជាកាន់តែល្អប្រសើបន្ថែមទៀតហើយក្នុងនាមអាជ្ញាធរខេត្តស្វាគមន៍រាល់សកម្មភាពមនុស្សធររបស់អង្គការមួយនេះ។
គួរបញ្ជាក់ផងដែរថា ចំពោះអង្គការដដែលនេះនៅថ្ងៃទី០៧ ខែកកដានេះបានចុះចែកថ្នាំពេទ្យដល់អ្នកផ្ទុកមេរោគអេដន៍នៅឃុំរការដោយអ្នកជម្ងឺម្នាក់ៗបានទទួលថ្នាំចំនួន០១ឃីតបន្ទាប់ពីនេះនៅថ្ងៃទី០៨ខែកកដាអង្គការនេះបន្តចុះទៅឃុំឆ្នាលមាន់ស្រុកកោះក្រឡដើម្បីចែកអង្គដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៦៥គ្រួសារបន្ថែមទៀតដោយក្នុង១គ្រួសារបានទទួល៣០គីឡូក្រាមដូចគ្នា៕