ដោយ៖ លោក វិធិន
ក្រចេះ៖ លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ធនធានព្រៃឈើ បានផ្ដល់នូវពហុប្រយោជន៍ មិនអាចបាន់ប្រមាណបានដល់មនុស្សជាតិតាំងពីដើមរហូតមក។ ព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយតភាពប្រភពទឹក ការពារទីជំរាល និងការពារជីវចម្រុះជាដើម។ ព្រៃឈើ គឺជាប្រភពផ្ដល់ការរស់រានមានជីវិតចំពោះ មនុស្ស សត្វ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។
លោកថ្លែងយ៉ាងដូចច្នេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវា ឆ្នាំ២០១៦ នៅបរិវេណសាកលវិទ្យាល័យក្រចេះ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងដោយមានវត្តមានអញ្ចើញចូលរួមពីសំណាក់លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក លោកស្រីមន្ត្រីក្រោមឱវ៉ាត ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
លោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានជ្រើសរើសកំណត់យកទីតាំងប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅនៅបរិវេណសាកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ ហើយប្រភេទឈើដែលយកមកដាំនៅពេលនោះ ជាប្រភេទឈើ គគី ឈើទាល បេង ធ្នង់ និងឈើហូបផ្លែជាច្រើនទៀត ។ លោក បានបន្តថា ការប្រារព្ធធ្វើពិធីបុណ្យរុក្ខទិវានាពេលនោះ គឺក្នុងគោលបំណង់ ដើម្បីស្ដារ និងដាំឡើងវិញនូវ ប្រភេទឈើមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រសើរឡើង សោភណ្ឌ័ភាពទេសភាព ធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយ ការឡើង កម្ដៅនៅក្នុងពិភពផែនដី និងបម្រែបម្រួលអាកាសធាតុ។
លោក ទ្រី សុភ័ក្រ បានបញ្ជាក់ថា នៅខេត្តក្រចេះ រុក្ខទិវាត្រូវបានប្រារព្ធធ្វើជា លើកដំបូងនៅឆ្នាំ ១៩៩២ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះ ហើយដាំបានសរុប ១១៦.១៣១ដើម និងបានដាំនៅតាមវត្តអារាម តាមសាលារៀន និងនៅតាមទីសាធារណៈ មួយចំនួនទៀត។ លទ្ធផលខាងលើនេះ បានមកដោយការខិតខំប្រឹងប្រែងចូលរួមទាំង កម្លាំងកាយ និងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធររដ្ឋអំណាចគ្រប់ថ្នាក់ ។
លោក សរ ចំរុង បានបន្ដថ្លែងបែបនេះថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ខេត្តក្រចេះ បានជួបប្រទះនិងបញ្ហាប្រឈមជាច្រើនក្នុងបញ្ហាព្រៃឈើ ពិសេសបញ្ហាកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ពីសំណាក់ជនខិលខូចដែលមានអំណាច មានទឹកប្រាក់ ដើម្បីវាតយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែលតតាំងជាមួយអាជ្ញាធរ និងតាមរយៈការជួលផ្ទាល់ ឬទិញបន្ត ក្នុងតម្លៃថោក។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានសំណូមពរឲ្យអង្គពិធីទាំងមូល ពាំនាំយកទៅផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅមូលដ្ឋាន មានការយល់ដឹងបានគ្រប់ៗគ្នា។ តាមរយៈគោលនយោបាយព្រៃឈើរបស់រាជរដ្ឋាភិបាល បានកំណត់នូវទិសដៅសំខាន់ៗលើការងារគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព ក្នុងនោះ បង្កើនចលនាដាំដើមឈើឡើងវិញជាចាំបាច់ ព្រោះថា ព្រៃឈើ គឺជាមរតករួមរបស់ជាតិ ព្រៃឈើជាអាយុជីវិតសត្វលោក ព្រៃឈើជាសុខភាពរបស់ប្រជាពលរដ្ឋ ដាំដើមឈើឡើងវិញ គឺសន្សំទ្រព្យសំរាប់កូនចៅជំនាន់ក្រោយរបស់យើង។
នៅក្នុងឱកាសនោះលោកក៏បានអំពាវនាវដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ សូមលើកកំពស់ការយល់ដឹងឲ្យបានច្បាស់លាស់ក្នុងការថែរក្សាការពារព្រៃឈើឲ្យបានគង់វង្ស។ ម្យ៉ាងវិញទៀត ចំពោះកូនឈើដែលបានហើយ ទាំងនៅក្នុងចំការ ទាំងនៅតាមរមណីយដ្ឋាន និងទីកន្លែងសាធារណៈផ្សេងៗ សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង ចូលរួមថែរក្សាឲ្យបានជាប្រចាំ ដើម្បីឲ្យកូនឈើទាំងនោះដុះលូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញអាស្រ័យដោយកត្តាផ្សេងៗនោះឡើយ៕