ខេត្តឧត្តរមានជ័យ៖ប៉ូលិសការពារព្រំដែនគោកលេខ៩០៥កម្ពុជា ថៃបានបង្ក្រាបក្រុមក្មេងទំនើង២ក្រុមជិះម៉ូតូ ជាច្រើនគ្រឿងប្រដេញ វាយកាប់ចាក់គ្នា សំណាងល្អប៉ូលីសបង្ក្រាបទាន់ឃាត់ខ្លួន២៤នាក់កាលពីវេលាម៉ោង៣.៣០នាទីល្ងាច់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦បានបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខP.R ១៧១ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកភូមិទួលស្វាយបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានក្រុមក្មេងៗជិះម៉ូតូជាច្រើនគ្រឿង ដោយអ្នកខ្លះដៃកាន់ដំបង អ្នកខ្លះដៃកាន់ដែកបំពង់ទីព និងអ្នកខ្លះទៀតដៃកាន់ដាវសាំម៉ូរ៉ៃ។អ្នកភូមិបានបញ្ជាក់ថា បន្តិចក្រោយមក ក្មេងទំនើងទាំង២ក្រុមនេះបានជិះម៉ូតូប្រដេញវាយកាប់ចាក់គ្នាដូចក្នុងសាច់រឿងហុងកុងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋតែសំណាងល្អបានប៉ូលិសបង្ក្រាបទាន់កុំអីមានអ្នកស្លាប់ និងមានអ្នកដេកគុក។
លោកវរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការវរៈសេនាតូចលេខ៩០៥ប៉ូលិសការពារព្រំដែនគោកកម្ពុជា ថៃបានឲ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុមនេះ ដោយបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋមកថា មានក្រុមក្មេងជិះម៉ូតូដេញវាយ កាប់ចាក់គ្នា ភ្ញាមៗនោះនោះលោកបានបញ្ជាកំលាំង ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ មុនពេលធ្វើសកម្មភាពកាប់ចាក់គ្នា។
លោកវរៈសេនីយ៍ឯកបានបញ្ចាក់ថា ក្រុមក្មេងទំនើងទាំង២ក្រុម មានមួយក្រុមមកពីតំបន់អូរស្មាច់ក្រុងសំរោង ជិះម៉ូតូ១១គ្រឿង មានបក្ខពួក១៤នាក់ នឹងមួយក្រុមទៀតមកពីស្រុកអន្លង់វែងជិះម៉ូតូ៧គ្រឿង មានបក្ខពួក១០នាក់។សមត្តកិច្ចឃាត់ខ្លួន២៤នាក់ ក្នុងនោះភាគច្រើនមានអាយុចាប់ពី១៥ទៅ១៦ឆ្នាំ នឹងដកហូតបានម៉ូតូ១៨គ្រឿង ដាវសាំម៉ូរ៉ៃ២ ដែកបំពង់ទីប១ដើមប្រវែង៨តឹក ដែកថ្នាំងអំពៅ១ដើមប្រវែង៦តឹកទូស័ព្ទដៃ២១គ្រឿង លោកបានកសាងសំណុំរឿង ក្រុមក្មេងទំនើងទាំង២ក្រុម រួមទាំងវត្ថុតាង ទៅស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕