ខេត្តពោធិ៍សាត់៖ផ្តើមចេញពីទំនាស់បន្តិចបន្តួចក្នុងក្រុមគ្រួសារឈានដល់ខ្លាំងរៀងៗខ្លួនរហូតកើតជាហិង្សាប្អូបថ្លៃកាប់បងថ្លៃមួយពូថៅពីក្រោយចំក្បាលបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ និងជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បុរសរងគ្រោះដែលត្រូវប្អូនថ្លៃកាប់១ពូថៅឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាប្អូនថ្លៃនោះឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
អធិការនគរបាលស្រុកក្រគរ លោក ឯម រុន បានឲ្យដឹងថា ជនរងគ្រោះ និងជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និងប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា ។ លោកអធិការបន្តថា ករណីឃាដកម្មដែល ឈានដល់កាប់១ពូថៅចំក្បាលពីក្រោយបណ្តាលឲ្យស្លាប់បងថ្លៃដោយសារតែទំនាស់ក្នុងគ្រួសារបន្តិចបន្តួចទើបឈានដល់យកខ្លាំងរៀងៗខ្លួន។ ក្រោយពេលកើតហេតុជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕