ខេត្តបន្ទាយមានជ័យ៖អគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវប្រទេសថៃសហការជាមួយសមត្ថកិច្ចកម្ពុជា-ថៃបានបញ្ជូនសាកសពពលករខ្មែរ២នាក់ដែលស្លាប់នៅស្រុកថៃដោយជំងឺគាំងបេះដូងតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យយកមកឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ ជឹម វណ្ណសាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរ ធ្វើកម្មករនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានស្លាប់ដោយជំងឺខ្យល់គរ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៣០នាទីនៅបន្ទប់ជួលប្រទេសថៃ និងទី២ ឈ្មោះ ឈឺន គីម ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិគោកថ្មី ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ ជាកម្មករសំណង់នៅខេត្តកូរ៉ាត ប្រទេសថៃស្លាប់ដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៥ និ០០នាទីនៅបន្ទប់ជួលប្រទេសថៃ។
លោកបញ្ជាក់ថា សាកសពពលករទាំង២នាក់ត្រូវបានតម្រួតថៃបញ្ជូនមកដល់ច្រកអន្តរជាតិនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលនោះមានក្រុមគ្រួសារសពបានមកទទួលយកទៅស្រុកកំណើតដើម្បី ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរៀងៗខ្លួន៕