ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានហៅការដាក់ទណ្ឌកម្មសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកមកលើប្រទេសកូរ៉េខាងជើងគឺ «ជាការប្រកាសសង្គ្រាម» សុទ្ធសាធ។ នេះបើតាមសារព័ត៌មានអាមេរិក US TODAY ចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារ Reuters ថា នេះមិនមែនជាលើកទីមួយទេក្នុងឆ្នាំ ២០១៦នេះ ដែលប្រទេស កូរ៉េខាងជើង បានគំរាមថាទង្វើអាមេរិក ឬអន្តរជាតិមកលើទីក្រុងព្យុងយ៉ាង ជាការបញ្ឆេះសង្គ្រាមនោះ ហើយបើតាមដឹង នេះជាការគំរាមលើកទីបួនហើយ ចាប់តាំងពីប្រទេសនេះបានព្យាយាមធ្វើតេស្តគ្រាប់មីស៊ីល និង អាវុធប្រល័យ ដែលជាការផ្គើនម្តងហើយម្តងទៀត ចំពោះច្បាប់ហាមឃាត់ចេញដោយអន្តរជាតិ។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានហៅរដ្ឋាភិបាលកូរ៉េខាងថា ជាអ្នករំលោភសិទ្ធិមនុស្ស និងបានកត់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកផងដែរ៕