អ៊ីរ៉ាក់៖ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថា លោកនាយករដ្ឋមន្ត្រីបានបណ្តេញប្រធានសន្តិសុខទីក្រុងបាដាដចំនួនបីនាក់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅក្នុងរដ្ឋធានីកាលពីថ្ងៃសុក្រ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Haider al-Abadi ក៏បានបញ្ជាក់ផងដែរថា លោកបានទទួលសំណើសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់ជូនបន្ទាប់ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនៅទីក្រុងបាដាដដែលបានសម្លាប់មនុស្ស២៩២នាក់។
ជាមួយគ្នានោះ ក្រុមជីហាដនិយមរដ្ឋឥស្លាមបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើកចុងក្រោយលើទីសក្ការៈបូជារបស់ពួកនិកាយស៊ីអ៊ីតនៃទីក្រុង Balad ដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ព្រមទាំងការបំផ្ទុះនៅទីក្រុងបាដាដ ។
ការិយាល័យរបស់លោកបាននិយាយថា លោក Abadi បានចេញបញ្ជាឲ្យដកមេបញ្ជាការក្រុង បាដាដចេញពីទួនាទីព្រមទាំងបណ្តេញមន្ត្រីដែលទទួលខុសត្រូវចំពោះការស៊ើបការណ៍សម្ងាត់និងសន្តិសុខនៅក្នុងរដ្ឋធានីនេះ។
ប្រមុខបញ្ជាការប្រតិបត្តិការក្រុងបាដាដគឺលោកឧត្តមសេនីយ៍ Abdulamir al-Shimmari ។
មន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោក Abadi បានលើកឡើងថា អ្នកផ្សេងទៀតដែលត្រូវបញ្ចប់តំណែងគឺមានប្រធានស៊ើបការណ៍សម្រាប់ទីក្រុងបាដាដក្នុងក្រសួងមហាផ្ទៃនិងមន្ត្រីដែលទទួលខុសត្រូវចំពោះរដ្ឋធានីនេះនៅក្នុងការិយាល័យទីប្រឹក្សាសន្តិសុខជាតិ។
កាលពីថ្ងៃអង្គារ លោក Abadi ក៏បានទទួលយកសំណើសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោក Mohammed Ghabban ផងដែរនៅថ្ងៃជាមួយគ្នាដែលលោកបានដាក់ជូន។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសុខាភិបាល Adila Hamoud បានឲ្យដឹងថា សាកសពចំនួន១១៥នាក់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់នៅទីក្រុងបាដាដកាលពីថ្ងៃអាទិត្យឥឡូវនេះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារខណៈដែលអត្តសញ្ញាណនៃអ្នកស្លាប់១៧៧នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។
ប្រជាជនបានខឹងសម្បាយ៉ាងខ្លាំងចំពោះការពន្យារពេលដើម្បីកំណត់ជោគវាសនារបស់មនុស្សជាទីស្រឡាញ់របស់ពួកគេខណៈចំនួននៃសពដែលមិនស្គាល់អត្តសញ្ញាណនៅពេលនេះកាន់តែកើនឡើង៕