រាជធានីភ្នំពេញ៖បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីចាប់បង្ខំនារីបម្រើការងារជាមួយរំលោភរហូតគំរាមបាញ់សម្លាប់ចោល តែនាងមិនព្រម ហើយក៏រត់ទៅរកបងប្អូនឲ្យជួយ ប្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរ វិទ្យាល័លពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែន។
មន្ត្រីនគរបាលបានឲ្យដឹងថា នារីរងគ្រោះ ស ស ខ អាយុ១៩ឆ្នាំ មុខរបរវិចខ្ចប់ចានអនាម័យ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ដោយឡែកជនសង្ស័យឈ្មោះ ឈឿន បូអាយុ ៣៧ឆ្នាំ មុខរបរបើកឡាន ដឹកចានអនាម័យស្នាក់ផ្ទះជួល ភូមិប៉ប្រកត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ នារីរងគ្រោះទើបបានធ្វើការ១ថ្ងៃជិះឡានជាមួយ ជនសង្ស័យ ដើរដាក់តាមរោងការ និងរោងបុណ្យ ខណៈដែលទៅដល់សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យស្រាប់តែ ជនសង្ស័យនិយាយលួងលោមនារី រងគ្រោះដោយឲ្យលុយ ១០០ដុល្លារ បើព្រមដេកជាមួយគេ។
ដោយនាងមិនយល់ព្រមសង្ស័យ ក៏ចាប់នាងនៅក្នុងឡានតែម្តង ហើយនារីនោះប្រឹងរើបំរះរួច ក៏បើកទ្វារឡានរត់រួច ហើយហៅម៉ូតូឌុបជិះត្រឡប់មកផ្ទះជួលវិញ ប្រាប់បងប្អូនឪពុកម្តាយ ហើយជនសង្ស័យបើកឡានដេញ តាមមកកន្លែងកើតហេតុខាងលើ ក៏ត្រូវបងប្អូនរបស់នាងចាប់វាយរួច បញ្ជូនមកសមត្ថកិច្ចចាត់ការ តាមនីតិវិធីតែម្តង៕