រាជធានីភ្នំពេញ៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៤នាក់។ នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង១លើក, ងងុយដេក១លើក។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៨១១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥១១គ្រឿង និងពិន័យសរុប១,៣០០ គ្រឿង៕