រាជធានីភ្នំពេញ៖បន្ទាប់ពីទទួលបណ្ដឹងពីស្ដ្រីម្ចាស់ផ្ទះកម្លាំងនគរបាលខណ្ឌសែនសុខបានចុះប្រតិបត្តិការឆែកឆេរផ្ទះមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្ស៤នាក់ រកឃើញអាវុធខ្លីមួយដើម ថ្នាំញៀន២កញ្ចប់ និងសម្ភារមួយចំនួនទៀត។ ប្រតិបត្តិការធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ជិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។ មន្ត្រីដដែលបញ្ជាក់ថា ស្ដ្រីម្ចាស់ផ្ទះដែលត្រូវជាម្ដាយបានប្ដឹងសមត្ថកិច្ចឈ្មោះ ព្រំ ស្រី អាយុ៤៤ឆ្នាំ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានទាំង៤នាក់នោះ ទី១ឈ្មោះ ហេង សំភាស់ អាយុ ២០ឆ្នាំ ទី២ឈ្មោះ ចាន់ សីលា អាយុ២២ឆ្នាំ ទី៣ឈ្មោះ ហេង ចាន់ វិរះ ហៅសិទ្ធ អាយុ២៧ឆ្នាំ និងទី៤ឈ្មោះ គ្រី ម៉ុង ហេង អាយុ២៦ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៤ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំបន្ដចាត់ការតាមនីតិវិធី៕