ព្រឹកនេះសភាពិភាក្សាពីការដកអភ័យ ឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង២រូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ កក្កដា ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិដែលស្នើដោយក្រសួងយុត្តិធម៌ដើម្បីបើកផ្លូវឲ្យតុលាការបន្តចាត់ការលើសំណុំរឿងសញ្ចារកម្មរវាងកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំនិងលោក កឹម សុខា។
តំណាងរាស្រ្ត២រូបនោះគឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ។ តំណាងរាស្រ្តទាំងពីររូបនេះត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយសង្ស័យថា បានប្រព្រឹត្តបទល្មើសសញ្ចារកម្ម ក្នុងការនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទៅឱ្យលោក កឹម សុខា នៅប្រទេសថៃ តែលោកមិនបានចូលខ្លួនតាមការកោះហៅនោះទេ។ ទោះជាយ៉ាងណា តុលាការមិនទាន់ចោទប្រកាន់ តំណាងរាស្រ្តទាំង២រូបនេះនៅឡើយទេ ដោយសារតែមា នអភ័យឯកសិទ្ធិការពារ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ កាលពីសប្តាហ៍មុន បានប្រកាសថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់សភានាពេលនេះ នឹងមានវត្តមានប្រធានគណៈកម្មការ មកពីគណបក្សសង្រ្គោះជាតិចូលរួមដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ បានស្នើឱ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់៕

national-assembly-vida-01-2013-09-17-e1379402276254