តួកគី៖យោងតាមសារព័ត៌មាន BBC ចេញផ្សាយថា ប្រធានាធិបតីតួកគី លោក អឺដូហ្គេន បានប្ដេជ្ញាថានឹងបោសសម្អាតមេរោគដែលបង្ករដ្ឋប្រហារ គ្រាដែលអាជ្ញាធរបានចាប់ខ្លួនមនុស្ស៦ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច។
លោកប្រធានាធិបតីបានអះអាងថា លោកនឹងបន្តបោសសម្អាតមេរោគចេញពីស្ថាប័នរដ្ឋទាំងអស់ ដោយសារតែមេរោគនេះបានរីករាលដាល។ ដោយឡែកលោករដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សាចុងសប្ដាហ៍កន្លងមកនេះបានកើនឡើងដល់២៩០នាក់ហើយ ដោយក្នុងនោះជាង១០០នាក់គឺជាអ្នកចូលរួមក្នុងរដ្ឋប្រហារ។
សារព័ត៌មានដដែលបញ្ជាក់ថា ក្នុងចំណោមមនុស្សដែលត្រូវបានអាជ្ញាធរតួកគីចាប់ឃុំខ្លួនលោក អាលី យ៉ាហ្ស៊ីស៊ី ដែលជាជំនួយការយោធាជាន់ខ្ពស់របស់លោក អឺដូហ្គេន ផងដែរ។ ជាមួយគ្នានោះកម្លាំងសន្តិសុខបានប្រឈមមុខទៅនឹងការតបតពីក្រុមអ្នករៀបចំផែនការរដ្ឋប្រហារមួយចំនួនដែលកំពុងស្ថិតក្រោមការឃុំខ្លួន៕