ហ្វីលីពីន៖រដ្ឋមន្ត្រីការបរទេស Perfecto Yasay បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោកបានច្រានចោលសំណើមួយពីសមភាគីចិនរបស់លោកក្នុងការចាប់ផ្តើមកិច្ចចរចាទ្វេភាគីស្តីពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងរបស់ពួកគេនៅលើលក្ខខណ្ឌដែលថាការសម្រេចរបស់តុលាការអន្តរជាតិកាលពីសប្តាហ៍មុនគឺមិនត្រូវបានពិភាក្សានោះទេ។
លោក Yasay បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ព័ត៌មាន ABS-CBN ថា “ពួកគេបានទទូចដល់យើងកុំឲ្យធ្វើការអធិប្បាយណាមួយអំពីរឿងនោះ។ រដ្ឋមន្ត្រីការបរទេសចិនបានស្នើសុំឲ្យយើងបើកចិត្តចំពោះការចរចាទ្វេភាគីប៉ុន្តែមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ”។
លោកបន្តថា “នេះគឺជាអ្វីដែលខ្ញុំបានប្រាប់គាត់ថាវាគឺមិនស្របជាមួយនឹងរដ្ឋធម្មនុញ្ញនិងផលប្រយោជន៍ជាតិរបស់យើង” ។
លោក Yasay បានឲ្យដឹងថា លោកបានជួបសមភាគីរបស់លោកនៅខាងក្រៅកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ី-អឺរ៉ុបមួយនៅប្រទេសម៉ុងហ្គោលីកាលពីសប្តាហ៍មុន។
លោកបានបន្ថែមថាអាទិភាពដំបូងសម្រាប់ប្រទេសហ្វីលីពីនគឺការចរចាអំពីសិទ្ធិនៃអ្នកនេសាទរបស់ខ្លួនដើម្បីត្រឡប់ទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough វិញនិងការអនុវត្តផ្នែកផ្សេងទៀតទាំងអស់នៃសេចក្តីសម្រេចនេះ។
ចៅក្រមនៅតុលាការអន្តជាតិក្រុងឡាអេបានច្រានចោលការទាមទារសិទ្ធិសេដ្ឋកិច្ចរបស់ប្រទេសចិននៅទូទាំងតំបន់ជាច្រើនក្នុងសមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានអះអាងថាជាការទទួលជ័យជម្នះរបស់ប្រទេសហ្វីលីពីន។
តុលាការបានសម្រេចថា “មិនមានមូលដ្ឋានច្បាប់ទេសម្រាប់ប្រទេសចិនក្នុងការទាមទារសិទ្ធិជាប្រវត្តិសាស្ត្រចំពោះធនធានក្នុងតំបន់សមុទ្រ”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលបានធ្វើពហិការមិនចូលរួមក្នុងករណីដែលនាំយកដោយប្រទេសហ្វីលីពីនមួយនេះបាននិយាយថា ខ្លួននឹងមិនខ្វល់ខ្វាយអ្វីទាំងអស់ចំពោះសេចក្តីសម្រេចណាមួយ។
គួរបញ្ជាក់ថា ទីក្រុងម៉ានីលបានដាក់ពាក្យបណ្តឹប្រឆាំងនឹងក្រុងប៉េកាំងនៅឆ្នាំ២០១៣ហើយបាននិយាយថា បន្ទាប់ពីការចរចារយៈពេល១៧ឆ្នាំ ខ្លួនពិតជានឿយហត់ចំពោះមធ្យោបាយនយោបាយនិងការទូតទាំងអស់៕