កូរ៉េខាងជើង៖យោធារបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបីគ្រាប់នៅព្រឹកថ្ងៃអង្គារដែលហោះបានចម្ងាយចន្លោះ៥០០ទៅ៦០០គីឡូម៉ែត្រចូលទៅក្នុងសមុទ្រជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនដែលនេះជាទង្វើបង្ករឿងចុងក្រោយបំផុតរបស់ប្រទេសឯកោមួយនេះ។
ជាមួយគ្នានោះ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនូវអ្វីដែលខ្លួនជឿថា ជាមីស៊ីល Scud ចំនួនពីរគ្រាប់និង Rodong មួយគ្រាប់ដែលជាមីស៊ីលផលិតក្នុងស្រុកមានមូលដ្ឋានលើបច្ចេកវិទ្យា Scud សម័យសូវៀត។
ការបាញ់បង្ហោះនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានប្រកាសពីការសម្រេចចិត្តចុងក្រោយដើម្បីដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល(THAAD)នៅកូរ៉េ ខាងត្បូងដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើងដែលបានជំរុញឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងគំរាមកំហែងឆ្លើយតប ។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីតំបន់មួយនៅភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើងដែលគេហៅថា Hwangju នៅចន្លោះម៉ោង៥:៤៥និង៦:៤០ព្រឹក។
យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍មួយថា “មីស៊ីលនេះបានហោះនៅចម្ងាយ៥០០ទៅ៦០០គីឡូម៉ែត្រដែលជាចម្ងាយមួយគ្រប់គ្រាន់អាចវាយប្រហារប្រទេសកូរ៉េខាងត្បូងបានដោយរួមទាំងទីក្រុងប៊ូសានផងដែរ”។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយផ្គើនទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាលើកទីបួនរបស់ខ្លួននៅក្នុងខែមករាហើយបានបង្កើនសកម្មភាពយ៉ាងខ្លាំងក្លានៅតំបន់ធ្វើតេស្តរបស់ខ្លួនដែលត្រូវបានថតជាប់ដោយផ្កាយរណប៕