ខេត្តក្រចេះ៖នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ គ្រួសារពលអាវុធហត្ថក្រីក្រ ជួបការលំបាក ពលី មរណៈ និងចូលនិវដ្តន៍ចំនួន ៤៤គ្រួសារ ទទួលបានអំណោយគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ក្នុងឱកាសអបអរសាទរខួបលើកទី២៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តក្រចេះស្ដីទី និងដោយមានការចូលរួមពីអស់លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង និងនាយ នាយរង ពលអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារអាវុធហត្ថជាច្រើនរូបទៀត នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
អំណោយទាំងនោះរួមមាន អង្ករ មី ប៊ីចេង ទឹកត្រី និងថវិកា ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២២.៨០គីឡូក្រាម មី ១កេស ទឹកត្រី ១យូរ ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល ។
មានមតិសំណេះសំណាលជាមួយក្រុមគ្រួសារអាវុធហត្ថនាពេលនោះ លោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងស្តីទី បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត បូជាឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិ ធ្វើការតស៊ូរំដោះទឹកដី មាតុភូមិ ឲ្យរួចផុតពីសម័យប្រល័យពូជសាសន ប៉ុល ពត ដ៏សែនឃោឃៅព្រៃផ្សៃយ៉ង់ខ្នង មកលើប្រជាជនខ្មែរស្លូតត្រង់ ។
លោកវរសេនីយ៍ឯក សួស ចំរើន បានរំលឹកឡើងវិញកាលពីសម័យរបប ប៉ុល ពត ថា នៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនទូទាំងប្រទេសកម្ពុជា គឺបានបាត់បង់នូវគ្រប់អ្វីៗទាំងអស់ ។ ជាពិសេស សិទ្ធិសេរីភាព ដោយម្នាក់រស់នៅក្នុងភាពងងឹត ភាពភ័យខ្លាចគ្រប់ពេលវេលា គ្មានចំណីអាហារគ្រប់គ្រាន់ សម្រាប់ហូបចុក ដែលប្រៀបបានទៅនឹងការរស់នៅក្នុងឋានរកទាំងរស់ ។
លោកវរៈសេនីយ៍ឯក សួស ចំរើន បានបន្តឲ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ មានសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។
លោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងស្តីទី បានជំរុញដល់មន្ត្រី និងពលអាវុធហត្ថទាំងអស់ ត្រូវអនុវត្តតាមគោការណ៍សំខាន់ៗ ៥ចំណុច ទី១ អាវុធហត្ថគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, ទី២ ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យល្អស្អាតស្អំ គោរពវិន័យ ក្រមសីលធម៌ និងអនុវត្តន៍ច្បាប់, ទី៣ បន្តរៀបចំអត្តចរិក និងសេចក្ដីថ្លៃថ្នូរឲ្យមានការទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន និងប្រជាពលរដ្ឋ ដើម្បីទទួលការឆ្លើយតប និងមានការគាំទ្រ, ទី៤ ត្រូវបន្តលើកកម្ពស់ចំណេះ សមត្ថភាព ជំនាញ វិជ្ជាជីវគ្រប់ផ្នែកតាមរយៈការហ្វឹកហ្វឺននិងការសិក្សារៀនសូត្រ, ទី៥ ត្រូវបន្តកសាងមនៈសិកាឆន្ទៈអង់អាចក្លាហាន ហ៊ានទទួលខុសត្រូវចំពោះភារកិច្ចបែងចែកច្បាស់លាស់ ចំពោះទង្វើល្អ និងទង្វើមិនល្អ ជាពិសេសចំពោះទង្វើដែលមិនល្អគម្បីត្រូវជៀសវៀង ដូចជា ការស្រែគំរាមកំហែងប្រជាពលរដ្ឋ ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ការដឹកជញ្ជូន និងប្រើប្រាស់អាវុធខុសច្បាប់ ការកាប់ទនទ្រានយកដីព្រៃជាដើម។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា តាមរយៈគោលការណ៍សំខាន់ទាំង៥ខាងលើនេះ លោកសង្ឃឹមជឿជាក់យ៉ាងម៉ុតម៉ាំថា ពលអាវុធហត្ថគ្រប់រូប និងខិតខំអនុវត្តន៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីជូនមាតុភូមិកម្ពុជា៕